កំពូលមហាសេដ្ឋីពាន់លានដុល្លារផ្នែកបច្ចេកវិទ្យាដែលមានជាងគេបំផុតទាំង ៥ របស់ពិភពលោកបានបាត់បង់ទ្រព្យសម្បត្តិចំនួន ៨៥,០៧ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងនៃឆ្នាំ២០២២ ខណៈដែលទ្រព្យសម្បត្តិរបស់ពួកគេបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីការលក់ចេញនៃទីផ្សារភាគហ៊ុនកាលពីសប្តាហ៍មុន។ ការខាតបង់នេះបានធ្វើឱ្យទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីពិភពលោក Elon Musk ធ្លាក់ចុះដល់ទៅ ២៤៣ ពាន់លានដុល្លារ ពោលគឺទាបជាងកាលពីដើមឆ្នាំ ២៧ ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍នៃតួរលេខមហាសេដ្ឋី Bloomberg ។ វាក៏មានជិត ១០០ ពាន់លានដុល្លារទាបជាងខែវិច្ឆិកា ឆ្នាំ ២០២១ នៅពេលដែលទ្រព្យសម្បត្តិសុទ្ធរបស់ Musk ឡើងដល់ ៣៣៥ ពាន់លានដុល្លារ។
នៅក្នុងនោះផងដែរ មហាសេដ្ឋីលំដាប់ទី២របស់ពិភពលោក គឺលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានខាតបង់ប្រហែល ២៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២២នេះ ។ រីឯសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានឃើញថាមានការធ្លាក់ចុះចំនួន ៩,៥ ពាន់លានដុល្លារនៃទ្រព្យសម្បត្តិសុទ្ធរបស់គាត់ចាប់តាំងពីថ្ងៃទី០១ ខែមករា ខណៈដែលទ្រព្យសម្បត្តិសុទ្ធរបស់សហស្ថាបនិក Google លោក Larry Page បានធ្លាក់ចុះចំនួន ១២ ពាន់លានដុល្លារ។ ជុំវិញការខាតបង់គឺលោក Mark Zuckerberg របស់ Facebook ដែលទ្រព្យសម្បត្តិសុទ្ធបានធ្លាក់ចុះប្រហែល ១២ ពាន់លានដុល្លារមកទល់ពេលនេះនៅដើមឆ្នាំនេះ។
អ្នកទាំង៥នាក់ខាតបង់ គឺដោយសារតែការកាន់កាប់ (Hold) ភាគហ៊ុនបច្ចេកវិទ្យារបស់ពួកគេ។ កាលពីសប្តាហ៍មុន មានការធ្លាក់ចុះខ្លាំងទៅលើផ្នែកបច្ចេកវិទ្យា ដោយតម្លៃទីផ្សារភាគហ៊ុន Nasdaq Composite បានធ្លាក់ចុះប្រហែល ៨% ដែលផលប៉ះពាល់ពីៃកត្តាជាច្រើនរួមទាំងការកើនឡើងនៃអត្រាការប្រាក់ និងអតិផរណា។ បើគិតមកដល់ពេលនេះ Nasdaq ធ្លាក់ចុះប្រហែល ១៣% នៅក្នុងឆ្នាំ២០២២នេះ។
យោងតាមសារព័ត៌មាន Bloomberg កំពូលមហាសេដ្ឋីតែម្នាក់គត់ក្នុងចំណោមមហាសេដ្ឋីកំពូលទាំងប្រាំដែលមិនបាត់បង់ប្រាក់ណាមួយកាលពីសប្តាហ៍មុនគឺលោក Bernard Arnault ដែលលោកជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនប្រណីតយក្សរបស់បារាំង LVMH ។ ទោះបីជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិរបស់ Arnault គឺធ្លាក់ចុះ ១០,៥ ពាន់លានដុល្លារមកទល់ពេលនេះនៅឆ្នាំនេះ ដោយតម្លៃភាគហ៊ុន LVMH បានធ្លាក់ចុះ ៥% ប៉ុណ្ណោះ។ ហើយខាងក្រោមនេះ ជាតារាងកំពូលមហាសេដ្ឋីទាំង ៦ របស់ Bloomberg Billionaires ត្រឹមថ្ងៃទី ២៤ ខែមករានេះ៖