ជាង ៥៥ ភាគរយនៃក្រុមហ៊ុនជប៉ុន ចង់ពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសវៀតណាម នៅក្នុងឆ្នាំ ២០២១ នេះ និងឆ្នាំក្រោយ។ នេះបើយោងតាមការស្ទង់មតិរបស់អង្គការពាណិជ្ជកម្មជប៉ុន Japan External Trade Organization (JETRO)។
បើយោងតាមការការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃពុធកន្លងទៅ បាននិយាយថា ក្នុងនោះមាន ៤២,៥ភាគរយ ចង់រក្សាទំហំផលិតកម្មដដែលនៅក្នុងប្រទេស។
ការស្ទង់មតិខាងលើនេះ បានធ្វើលើក្រុមហ៊ុនជប៉ុនចំនួន ៤ ៦០០ នៅទូទាំងពិភពលោក រួមទាំង ៧០០ នៅវៀតណាម ក្នុងខែសីហា និងខែកញ្ញា កាលពីឆ្នាំមុន នៅពេលដែលប្រទេសវៀតណាមបានដាក់ច្បាប់រក្សាគម្លាតសង្គមយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩។
តាមការស្ទង់មតិនោះបានបង្ហាញថា ក្នុងអំឡុងពេលដ៏លំបាកបំផុតកាលពីឆ្នាំមុន ក្រុមហ៊ុនជប៉ុនតិចជាង ២ភាគរយ ចង់បង្រួមអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសវៀតណាម ហើយតិចជាង ០,៥ភាគរយ បានស្វែងរកការផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសផ្សេងទៀត។
លោក Takeo Nakajima ប្រធានតំណាងក្រុមហ៊ុន JETRO Hanoi បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា មានការថយចុះក្នុងសមាមាត្រនៃក្រុមហ៊ុនជប៉ុន ដែលពិចារណាលើការពង្រីកអាជីវកម្មនៅវៀតណាម បើប្រៀបធៀបទៅនឹងសម័យមុនជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែវាគឺជានិន្នាការសកល។ លោកបានបន្ថែមថា សមាមាត្រនេះនៅក្នុងប្រទេសវៀតណាម នៅតែខ្ពស់ជាងមធ្យមភាគនៅអាស៊ាន៕