នៅឆ្នាំ២០២១ ប្រទេសវៀតណាមមានថាមពលកកើតឡើងវិញលើសពី ៣ ៤០០មេហ្គាវ៉ាត់ ដែលកំពុងដំណើរការ ដែលជួយដល់ទំហំប្រព័ន្ធថាមពលរបស់វៀតណាមឈានមុខគេនៅអាស៊ាន ទាក់ទងនឹងសមត្ថភាពប្រភពថាមពល។ នេះបើយោងតាមសម្តីលោក Tran Dinh Nhan អគ្គនាយកអគ្គិសនីវៀតណាម (EVN) ថ្លែងក្នុងសន្និសីទបូកសរុបកាលពីថ្ងៃទី១៤ ខែមករាកន្លងទៅនេះ។
នៅចុងឆ្នាំ២០២១ ប្រព័ន្ធបានបន្ថែមសមត្ថភាពថាមពលដែលបានដំឡើងចំនួន ៧ ៥០០មេហ្គាវ៉ាត់ ចូលទៅក្នុងដំណើរការ ដែលនាំឱ្យសមត្ថភាពសរុបដល់ ៧៦ ៦២០មេហ្គាវ៉ាត់។ ក្នុងនោះ ប្រភពថាមពលកកើតឡើងវិញ (ខ្យល់ ពន្លឺព្រះអាទិត្យ) មាន ២០ ៦៧០មេហ្គាវ៉ាត់ កើនឡើង ៣ ៤២០មេហ្គាវ៉ាត់ ធៀបនឹងឆ្នាំ២០២០ ដែលស្មើនឹង ២៧% នៃសមត្ថភាពសរុប។ ជាមួយនឹងសមត្ថភាពប្រភពថាមពលបែបនេះ ទំហំនៃប្រព័ន្ធថាមពលរបស់វៀតណាមបានឡើងដល់ចំណាត់ថ្នាក់កំពូលនៅអាស៊ីអាគ្នេយ៍ (អាស៊ាន)។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ការផលិត និងនាំចូលអគ្គិសនីនៃប្រព័ន្ធទាំងមូលមានជាង ២៥៦ពាន់លានគីឡូវ៉ាត់ម៉ោង កើនឡើង ៣,៩% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះអគ្គិសនីដែលផលិត និងទិញដោយ EVN មានជាង ២៤៦ពាន់លានគីឡូវ៉ាត់ កើនឡើង ៣,២៥% បើធៀបនឹងឆ្នាំ២០២០ ឬប្រហែល ២២៥ពាន់លានគីឡូវ៉ាត់ កើនឡើង ៣,៨៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២០។
ទំហំនៃសមត្ថភាពថាមពលរបស់វៀតណាមស្ថិតនៅលំដាប់កំពូលនៃតំបន់ ប៉ុន្តែជាមួយនឹងការកើនឡើងសមាមាត្រនៃថាមពលកកើតឡើងវិញ EVN មានការព្រួយបារម្ភអំពីការកើនឡើងថ្លៃដើមផលិតកម្មអគ្គិសនី និងការលំបាកក្នុងប្រតិបត្តិការប្រព័ន្ធ។
ជាមួយគ្នានេះ កាលពីឆ្នាំមុន តម្លៃសរុបនៃទ្រព្យសកម្មរួមរបស់ EVN មានចំនួន ៣២ ១៨១ ៣៩៧ដុល្លារ ដែលក្នុងនោះភាគហ៊ុនមានចំនួន ១១ ២២៦ ០៦៩ដុល្លារ (កើនឡើង ៦,២% បើធៀបនឹងឆ្នាំ២០២០) និងបានចំណាយថវិកាចំនួន ៩ ៨៧៨ ៩៤០ដុល្លារផងដែរ៕