Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដឹកនាំដោយមហាសេដ្ឋី Elon Musk បានចាប់ផ្តើមអនុញ្ញាតឲ្យអតិថិជនទិញទំនិញរបស់ខ្លួន ដោយប្រើ Dogecoin ដែលជារូបិយប័ណ្ណគ្រីបតូមួយ ពីដំបូងបានចាប់ផ្តើមចេញពីការលេងសើច។
លោក Musk បានប្រកាសដំណឹងនេះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសុក្រ មួយខែបន្ទាប់ពីការចង្អុលបង្ហាញអំពីផែនការ។ ដំណឹងនេះបានធ្វើឲ្យតម្លៃនៃ Dogecoin កើនឡើង ទោះបីជាក្រោយមកវាបានធ្លាក់ចុះវិញក៏ដោយ។
គួរឲ្យដឹងដែរថា មតិយោបល់របស់លោក Musk តែងតែបានផ្លាស់ប្តូរតម្លៃរូបិយប័ណ្ណឌីជីថលជាញឹកញាប់ រួមទាំង Dogecoin និង Bitcoin ផងដែរ។
យ៉ាងណាមិញ ការផ្លាស់ប្តូរដែលបានបញ្ជូនតម្លៃ Dogecoin ខ្ពស់ជាងមុន ១៤% នេះ បានកើតឡើងរយៈពេលមួយខែ បន្ទាប់ពីលោក Musk បាននិយាយថា Tesla នឹងសាកល្បងទទួលយកលុយឌីជីថលនេះជាជម្រើសទូទាត់៕