Elon Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុតម្នាក់លើពិភពលោក បានបង្ហោះសារថា លោកនឹងបង់ពន្ធចំនួន ១១ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២១ នេះ។
គួរឲ្យដឹងថា លោក Musk ត្រូវបានគេចាប់អារម្មណ៍ក្នុងការជជែកដេញដោលជាសាធារណៈ លើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីចំនួនពន្ធដែលលោកបង់។ មហាសេដ្ឋីខាងលើបានសរសេរថានៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា “សម្រាប់អ្នកដែលឆ្ងល់ ខ្ញុំនឹងបង់ពន្ធជាង ១១ ពាន់លានដុល្លារនៅឆ្នាំនេះ”។
គួររំលឹកឲ្យដឹងដែរថា លោក Musk ដែលជាស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនផលិតយានអវកាស SpaceX បានជាប់ឈ្មោះជាអ្នកមានបំផុតម្នាក់លើពិភពលោក កាលពីដើមឆ្នាំនេះ។
ជាមួយគ្នានេះដែរ ទំព័រ Bloomberg Billionaires Index បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោកមានចំនួន ២៤៣ពាន់លានដុល្លារ ខណៈពេលដែល ក្រុមហ៊ុន Tesla មានតម្លៃខ្លួនប្រហែល ១ទ្រីលានដុល្លារ ហើយ SpaceX មានតម្លៃ ១០០ពាន់លានដុល្លារ៕