កំពូល Streamer ចិនដ៏ល្បីឈ្មោះម្នាក់ ត្រូវបានផាកពិន័យជាទឹកប្រាក់ ១,៣៤ ពាន់លានយ័ន ឬប្រហែល ២១០លានដុល្លារ ពីបទគេចពន្ធ។
នាង Huang Wei ដែលត្រូវបានគេស្គាល់ច្បាស់ថាជា Viya គឺជាតារាអ៊ីនធឺណិតដ៏ល្បីម្នាក់ ដែលមាន Follower ១០លាននាក់។ នាងបានប្រើវេទិការបស់នាងដើម្បីលក់ផលិតផលជាច្រើនប្រភេទ។
យ៉ាងណាមិញ អាជ្ញាធរនៅទីក្រុង Hangzhou បានចោទប្រកាន់នាងពីបទលាក់បាំងប្រាក់ចំណូលផ្ទាល់ខ្លួនរបស់នាង ក៏ដូចជាបទល្មើសហិរញ្ញវត្ថុផ្សេងទៀត រវាងឆ្នាំ ២០១៩ និង ២០២០។
នៅក្នុងការបង្ហោះនៅលើគណនី Weibo របស់នាង Viya បាននិយាយថា នាងពិតជាសោកស្តាយជាខ្លាំង ហើយយល់ព្រមទទួលយកការដាក់ទណ្ឌកម្មដោយអាជ្ញាធរពន្ធដារ ទៀតផង។
ស្ត្រីវ័យ ៣៦ ឆ្នាំរូបនេះ បានក្លាយជាតារាល្បីលើអ៊ីនធឺណិតក្នុងប្រទេសចិន ដែលត្រូវបានជំរុញដោយកំណើននៃការទិញទំនិញតាមអ៊ីនធឺណិត។ នាងត្រូវបានគេស្គាល់ថាជា “live-streaming queen” របស់ប្រទេស ហើយបានលក់អ្វីៗគ្រប់យ៉ាងនៅលើវេទិកា Taobao៕