ជាមួយនឹងតម្លៃទីផ្សារប្រមាណ ៤១១ ពាន់លានដុល្លារ Tesla គឺជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ ដោយឡែក General Motors ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់អាមេរិក ដោយក្នុងនោះមានក្រុមហ៊ុនកូន ដូចជា Ford, GMC និង Chevrolet ជាដើមនោះ មានតម្លៃត្រឹមតែ ៥១,៦ ពាន់លានដុល្លារប៉ុណ្ណោះ។
បើយោងតាមគេហទំព័រ Bloomberg បានឲ្យដឹងថា ឥឡូវនេះក្រុមហ៊ុនផលិតរថយន្តចិនមួយមានឈ្មោះថា Nio មានតម្លៃទីផ្សាររបស់ខ្លួនសរុបចំនួន ៥៣,៤ ពាន់លានដុល្លារឯណោះ ដែលថ្លៃជាងក្រុមហ៊ុន General Motors ទៅទៀត។
តាមពិតទៅ តម្លៃស្តុករបស់ Nio បានកើនឡើង ២៨ ភាគរយកាលពីសប្តាហ៍មុន ដោយសារតែតម្រូវការនៃរថយន្តអគ្គិសនីបានកើនឡើងនៅក្នុងប្រទេសចិន និងការជាប់ឆ្នោតរបស់លោក Joe Biden ជាប្រធានាធិបតីអាមេរិកថ្មី។
បច្ចុប្បន្ននេះ រថយន្ត Nio ES8 SUV កំពុងដាក់លក់នៅក្នុងប្រទេសចិន ដែលជាគូប្រជែងរថយន្ត Tesla Model X ដោយមានកម្លាំងរហូតដល់ទៅ ៦៤៣សេះ និង ចម្ងាយបើកបរ ៥០០គីឡូម៉ែត្រ។ ក្រៅពីនោះ Nio ក៏មានលក់រថយន្ត ES6 SUV ដែលមានតម្លៃថោកជាង តែមានកម្លាំងត្រឹម ២១៥សេះ និង ៣២២សេះប៉ុណ្ណោះ៕