ការនាំចេញទំនិញផ្សេងៗ រួមទាំងកសិផលរបស់វៀតណាមកំពុងទទួលរងផលប៉ះពាល់ ខណៈពេលដែលប្រទេសចិនរក្សាការត្រួតពិនិត្យដ៏តឹងរ៉ឹងបំផុតនៅច្រកព្រំដែនភាគខាងជើង ជាវិធានការបង្ការជំងឺកូវីដ១៩ ប្រភេទថ្មី។
លោក Le Thanh Hoa អនុប្រធាននាយកដ្ឋានផ្នែកកែច្នៃ និងពាណិជ្ជកម្មផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទ ក្រោមក្រសួងកសិកម្ម បាននិយាយថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន រថយន្តកុងតឺន័រចំនួន ៤ ០០០គ្រឿង ត្រូវបានជាប់គាំងនៅច្រកព្រំដែនក្នុងខេត្ត Lang Son។
លោក Hoa បាននិយាយនៅក្នុងសន្និសីទស្តីពីពាណិជ្ជកម្មកសិកម្ម ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅទីក្រុងហាណូយថា នៅឯច្រកព្រំដែនទាំង ៣ នៃ Huu Nghi, Tan Thanh និង Chi Ma ល្បឿននៃការអនុញ្ញាតឲ្យចេញអីវ៉ាន់របស់គយបច្ចុប្បន្ន បានធ្លាក់ចុះជាងពាក់កណ្តាល មកនៅត្រឹមប្រហែល ២២០ កុងតឺន័រក្នុងមួយថ្ងៃ។
សម្រាប់រថយន្តនីមួយៗដែលដឹកផ្លែស្រកានាគ ខ្នុរ និងផ្លែឈើផ្សេងទៀត ដែលបានជាប់គាំងនៅច្រកទ្វារ Tan Thanh ត្រូវចំណាយពេលជាមធ្យមពី ១០ ទៅ ១៤ ថ្ងៃ ទើបគយអនុញ្ញាតឲ្យដឹកចេញបាន។
លោក Hoa បានបន្ថែមទៀតថា នៅច្រកទ្វារព្រំដែន Mong Cai ក្នុងខេត្ត Quang Ninh មានតែរថយន្តដឹកទំនិញមួយគ្រឿងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យដឹកចេញ រៀងរាល់សប្តាហ៍៕