យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Amazon ត្រូវបាននិយតករប្រឆាំងការជឿទុកចិត្តរបស់ប្រទេសអ៊ីតាលី ពិន័យជាប្រាក់ចំនួន ១,២ពាន់លានដុល្លារ។
និយតករអ៊ីតាលី បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានរំលោភលើភាពគ្របដណ្តប់ទីផ្សាររបស់ខ្លួន ដោយការផ្សព្វផ្សាយសេវាកម្មដឹកជញ្ជូនផ្ទាល់ខ្លួន Fulfilment by Amazon (FBA)។
និយតករខាងលើបានអះអាងទៀតថា ក្រុមហ៊ុនត្រូវប្រើសេវាកម្ម FBA ដើម្បីទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗ ដូចជា ការលក់ផលិតផល ជាមួយនឹងការចែកចាយ Prime Delivery ដោយមិនគិតថ្លៃបន្ថែមដល់អតិថិជន និងការចូលរួមក្នុងការលក់ Black Friday ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Amazon បាននិយាយថា ខ្លួន “មិនយល់ស្រប” ចំពោះការសម្រេចចិត្តនេះឡើយ ហើយនឹងប្តឹងឧទ្ធរណ៍វិញ។
យ៉ាងណាក៏ដោយ និយតករអ៊ីតាលីបានសម្រេចថា Amazon បានទាញយកប្រយោជន៍ពីអ្នកលក់ភាគីទី៣ ដោយតម្រូវឲ្យប្រើប្រាស់សេវាកម្មផ្ទាល់ខ្លួន ដើម្បីចូលប្រើអត្ថប្រយោជន៍ និងព្រឹត្តិការណ៍សំខាន់ៗរបស់ខ្លួន។
និយតករអ៊ីតាលីបាននិយាយថា “ក្រុមហ៊ុន Amazon បានរារាំងអ្នកលក់ភាគីទី៣ ពីការភ្ជាប់ស្លាក Prime ជាមួយការផ្តល់ជូនដែលមិនត្រូវបានគ្រប់គ្រងជាមួយ FBA”។ និយតករនេះបានទទូចថា ការចូលប្រើមុខងារបែបនេះគឺ “សំខាន់” សម្រាប់អ្នកលក់ ដើម្បីទទួលបានភាពជោគជ័យ នៅលើទីផ្សាររបស់ Amazon៕