យោងតាមឯកសារថ្មីមួយនៃគណៈកម្មការមូលបត្រ Securities and Exchange Commission (SEC) បានឲ្យដឹងថា លោក Jeff Bezos ដែលជាមហាសេដ្ឋី និងស្ថាបនិកក្រុមហ៊ុន Amazon បានលក់ភាគហ៊ុនរបស់ខ្លួនក្នុងក្រុមហ៊ុន Amazon បានតម្លៃ ៣ ពាន់លានដុល្លារ កាលពីថ្ងៃច័ន្ទ និងអង្គារកន្លងទៅនេះ។
គេហទំព័រ Forbes បានប៉ាន់ស្មានថា លោក Jeff នឹងវិចលុយទៅផ្ទះវិញចំនួន ២,៣ ពាន់លានដុល្លារ បន្ទាប់ពីបង់ពន្ធរួច។ ទោះជាយ៉ាងណាក៏ដោយ លោកនៅតែជាអ្នកមានបំផុតនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៩,៦ ពាន់លានដុល្លារ។
ឯកសារថ្មីចំនួន ៧ ត្រូវបានដាក់ជូន SEC កាលពីថ្ងៃពុធ ខណៈដែលទីផ្សារជិតនឹងបិទ បានបង្ហាញថា លោក Jeff បានលក់ភាគហ៊ុនចំនួន ១ លានភាគហ៊ុនរបស់ក្រុមហ៊ុន Amazon នៅសប្តាហ៍នេះ ឬ ១,៨% នៃភាគហ៊ុនរបស់លោក។ លោកបានលក់វានៅពេលភាគហ៊ុនមានតម្លៃចន្លោះពី ២ ៩៥០ ដុល្លារ ដល់ ៣ ០៧៥ដុល្លារក្នុងមួយហ៊ុន។
គួរឲ្យដឹងថា នេះគឺជាលើកទី ៣ ហើយក្នុងឆ្នាំ២០២០ ដែលលោក Jeff បានលក់ភាគហ៊ុនរបស់ Amazon ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ឥឡូវនេះ លោកមានភាគហ៊ុនចំនួន ១០,៦% នៅក្នុងក្រុមហ៊ុន Amazon ទាំងមូល៕