ក្រុមហ៊ុន Apple បានចាប់ផ្តើមដាក់ឲ្យបញ្ជាទិញ iPhone 12 mini និង iPhone 12 Pro Max ជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅ។
iPhone 12 mini មានអេក្រង់តូចបំផុត ត្រឹមតែ ៥,៤អ៊ីញប៉ុណ្ណោះ ខណៈ iPhone 12 Pro Max ផ្តល់អេក្រង់ធំបំផុតលើ iPhone គឺ ៦,៧អ៊ីញ។ ចំពោះតម្លៃវិញគឺ iPhone 12 mini ចាប់ពី ៦៩៩ដុល្លារ និង iPhone 12 Pro Max ចាប់ពី ១០៩៩ដុល្លារ។ គួរឲ្យដឹងថា ការបញ្ជាទិញដំបូងបង្អស់ នឹងទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា។
គួររំលឹកឲ្យដឹងថា iPhone 12 គ្រប់ម៉ូដែលនឹងមិនមានភ្ជាប់មកជាមួយនូវ ដុំសាកថ្ម និង កាសស្តាប់ នៅក្នុងប្រអប់ឡើយ។ បើយោងតាមក្រុមហ៊ុន Apple ផ្ទាល់បានបញ្ជាក់ថា ការដែលឈប់ដាក់កាសមានខ្សែ និងដុំឆ្នាំងសាកនៅក្នុងប្រអប់ គឺមកពីមូលហេតុ ៤។ ទី១ កាត់បន្ថយការវេចខ្ចប់ iPhone, ទី២ កាត់បន្ថយការបំភាយកាបូន, ទី៣ កាត់បន្ថយការជីកយករ៉ែ និង ទី៤ កាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើមដែលបានប្រើដើម្បីផលិតរបស់ទាំងនេះ។
iPhone 12 ថ្មីទាំងអស់នឹងប្រើខ្សែសាកថ្មថ្មី ប្រភេទ Lighting ទៅ USB-C ដែលមានន័យថា អ្នកប្រើ iPhone 12 ត្រូវតែទិញដុំសាកថ្មថ្មីបន្ថែម៕