ហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក កំពុងចាត់វិធានការដើម្បីកំណត់ការនាំចូលអង្ករពីប្រទេសវៀតណាម ជាបណ្ដោះអាសន្ន ចំពេលមានការប្រមូលផលដ៏ធំមួយនៅក្នុងប្រទេសរបស់ខ្លួន។
គួរឲ្យដឹងថា ហ្វីលីពីន គឺជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់វៀតណាម ដែលស្មើនឹង ៤០ ភាគរយ នៃការនាំចេញអង្ករសរុបរបស់វា។
អ្នកនាំពាក្យនៃនាយកដ្ឋានកសិកម្មរបស់ប្រទេសហ្វីលីពីន បានបញ្ជាក់ថា ខ្លួនកំពុងគ្រប់គ្រងការចេញលិខិតបញ្ជាក់ការនាំចូល Sanitary and Phytosanitary Import Clearance (SPSIC) ស្របតាមតម្រូវការ។
អ្នកនាំពាក្យខាងលើបាននិយាយនៅក្នុងការឆ្លើយតប ទៅនឹងសំណួរពីសារព័ត៌មាន Reuters ថា “យើងនាំចូលតែអ្វីដែលយើងត្រូវការប៉ុណ្ណោះ ហើយឥឡូវនេះយើងមានការផ្គត់ផ្គង់គ្រប់គ្រាន់ ដោយសារការប្រមូលផលនារដូវវស្សា”។
ការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្រទេសហ្វីលីពីន ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២១ នេះ បានកើនឡើង ១២,៣ ភាគរយ បើប្រៀបធៀបពីឆ្នាំមុន ដល់ ២,០៩ លានតោនឯណោះ៕