ក្រុមហ៊ុន Apple បានប្រកាសពីកម្មវិធិថ្មីមួយហៅថា “One More Thing” នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដែលគេសន្មត់ថា Apple នឹងប្រកាសចេញ MacBook ថ្មីរបស់ខ្លួន ដែលដំណើរការដោយបន្ទះឈីបផលិតខ្លួនឯង ជំនួសឲ្យបន្ទះឈីប Intel ដែលបានប្រើតាំងពីឆ្នាំ២០០៥ មក។
គួរឲ្យដឹងថា “One More Thing” គឺជាពាក្យមួយឃ្លា ដែលធ្លាប់ត្រូវបានប្រើប្រាស់តាំងពីយូរមកដោយ អតីត CEO ក្រុមហ៊ុន Apple គឺលោក Steve Jobs ដើម្បីប្រកាសនូវផលិតផលដ៏គួរឲ្យកត់សម្គាល់មួយ ជាក់ស្តែងដូចជា MacBook នេះជាដើម។
គួររំលឹកថា ពេលចុងក្រោយបង្អស់ដែល Apple ប្រើពាក្យមួយឃ្លាខាងលើនេះ គឺដើម្បីប្រកាសចេញនូវ iPhone X ក្នុងឆ្នាំ២០១៧។
ទោះជាយ៉ាងណាក៏ដោយ Apple បានប្រកាសគម្រោងក្នុងការផ្លាស់ប្តូរមកប្រើបន្ទះឈីបផលិតខ្លួនឯង Apple Silicon CPU ជំនួសឲ្យបន្ទះឈីបពី Intel កាលពីខែមិថុនាកន្លងទៅ ក្នុងកម្មវិធី WWDC ដោយសន្យាថា កុំព្យូទ័រប្រើបន្ទះឈីបផលិតខ្លួនឯង នឹងចេញនៅក្នុងឆ្នាំ២០២០ នេះតែម្តង។
យ៉ាងណាមិញ នៅក្នុងកម្មវិធី “One More Thing” នោះ គេរំពឹងថានឹងបានឃើញ MacBook Air ទំហំ១៣អ៊ីញ, MacBook Pro ទំហំ១៣អ៊ីញ និង MacBook Pro ទំហំ១៦អ៊ីញ ដោយពួកវានឹងបំពាក់ឈីបរបស់ Apple ទាំងអស់។ ក្នុងនោះដែរ Apple ក៏ទំនងជាចេញ macOS 11 Big Sur ជាផ្លូវការផងដែរ៕