ក្រុមហ៊ុនរថយន្តអង់គ្លេស Aston Martin រំពឹងថារថយន្តអគ្គិសនីរបស់ខ្លួន អាចនឹងលក់បានច្រើនជាង ២០% នៃចំនួនលក់សរុបនៅទូទាំងពិភពលោក នៅត្រឹមឆ្នាំ២០២៤។ នេះបើតាមសម្តីលោក Tobias Moers ដែលជា CEO ក្រុមហ៊ុន Aston Martin ប្រាប់ឲ្យដឹង។
ជាមួយគ្នានេះដែរ លោក Tobias Moers ក៏បានបញ្ជាក់ប្រាប់ថា រថយន្ត SUV ប្រណីតម៉ូដែល DBX ប្រើម៉ាស៊ីន Plug-in Hybrid នឹងចេញលក់នៅឆ្នាំ២០២៣ ខាងមុខនេះ។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះក្រុមហ៊ុន Aston Martin កំពុងតែចាប់ដៃគ្នាជាមួយនឹង Mercedes ដោយក្នុងនោះ Mercedes អាចបង្កើនភាគហ៊ុនរបស់ខ្លួនចំនួន ២,៣ ភាគរយនៅក្នុងក្រុមហ៊ុន Aston Martin ហើយច្រើនបំផុតឡើងដល់ទៅ ២០ ភាគរយ ជាថ្នូរនឹងបច្ចេកវិទ្យាសម្រាប់រថយន្ត Hybrid និងរថយន្តអគ្គិសនី ដែលយកមកប្រើលើរថយន្ត Aston Martin។
CEO ក្រុមហ៊ុនអង់គ្លេសខាងលើបានបន្ថែមឲ្យដឹងដែរថា “យើងកំពុងតែធ្វើការលើម៉ាស៊ីន Hybrid ប៉ុន្តែឥឡូវយើងមានជម្រើសផ្សេង។ យើងមិនទាន់អាចនិយាយវាបានឡើយ”៕