[បរទេស] ក្រុមហ៊ុន Aston Martin បានប្រកាសចេញនូវរថយន្តម៉ូដែលថ្មីរបស់ខ្លួនឈ្មោះថា Aston Martin Valiant ជារថយន្តដែលផលិតមានកំណត់ត្រឹម ៣៨គ្រឿង ប៉ុណ្ណោះក្នុងពិភពលោក ហើយត្រៀមចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះហើយ។
វាដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ៥,២លីត្រ Twin-turbocharged V12 របស់ក្រុមហ៊ុន Aston Martin ផ្ទាល់ដែលមានសមត្ថភាពអាចផលិតកម្លាំងបានសរុបចំនួន ៧៣៥សេះ និងកម្លាំងរមួល ៧៥៣ញ៉ូតុនម៉ែត្រ ខ្លាំងជាង Valour ៣០សេះ និងមានភ្ជាប់មកជាមួយប្រអប់លេខដៃ ៦វគ្គ និងប្រើប្រាស់ប៉ុង ១ RWD ជាស្តង់ដារ។
ចំពោះផ្នែកខាងក្រៅមានការរចនាបែបស្ព័រនិងមានទម្ងន់ស្រាល ដែលតួខ្លួនរបស់វាផលិតពីីសសៃកាបូនសុទ្ធ និងសមាសធាតុម៉ាញេស្យូម និងមានបំពាក់ហ្វ្រាំងឌីសកាបូនសេរ៉ាមិចជាមួយថាសកង់ទំហំ ២១អ៊ីញ រួមជាមួយស្លាបកាបូនខាងក្រោយដ៏ធំ ខណៈផ្នែកខាងក្នុងមានបំពាក់ កៅអី Recaro Podium, គ្រឿងបន្លាស់ធ្វើពីសសៃកាបូន និងចង្កូតស្ព័រ ជាដើម៕