ក្រុមហ៊ុន Nokia បានរាយការណ៍ពីប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី៣ ឆ្នាំ២០២១ នេះ ខ្លាំងជាងការរំពឹងទុក កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែតម្រូវការខ្ពស់សម្រាប់ឧបករណ៍ 5G ប៉ុន្តែបានព្រមានថា កង្វះបន្ទះឈីបជាសកលនឹងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
ជាមួយគ្នានេះដែរ ភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់នេះ បានកើនឡើង ៥ ភាគរយ ខណៈដែលអ្នកវិនិយោគបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ Nokia ក្នុងការវិលត្រលប់មកវិញ បន្ទាប់ពីការដើរខុស កាលពីឆ្នាំមុន តាមរយៈការផ្តោតលើតម្រូវការ 5G និងយកចំណែកទីផ្សារពីគូប្រជែង ជាពិសេសនៅក្នុងប្រទេសចិន។
ទោះបីជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិក្រុមហ៊ុន Nokia លោក Pekka Lundmark បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “នៅពេលនេះ យើងកំពុងជាប់គាំង ដោយសារតែបញ្ហាខ្វះបន្ទះឈីប ដែលនឹងប៉ះពាល់ដល់ត្រីមាសទី៤ ហើយវាពិតជាអាចទៅរួចដែលបញ្ហាប្រឈមនេះនឹងកាន់តែធំ មុនពេលវាចាប់ផ្តើមកាន់តែប្រសើរ”។
យ៉ាងណាមិញ បញ្ហានេះមិនមែនកើតឡើងតែលើក្រុមហ៊ុន Nokia ឡើយ ព្រោះថាអ្នកផលិតទំនិញជាសាកល ចាប់តាំងពីទូរទស្សន៍ដល់រថយន្ត បានប្រឈមមុខនឹងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើន ដោយសារតែកង្វះខាតសមាសធាតុសំខាន់ៗ ដូចជា បន្ទះឈីប, កម្លាំងមនុស្ស, ភាពស្រពិចស្រពិលនៃការដឹកជញ្ជូន និងការពន្យាពេលនៅរោងចក្រ ជាដើម៕