ក្រុមហ៊ុន Microsoft Corp បានសម្រេចចិត្តបទបណ្តាញសង្គម LinkedIn នៅប្រទេសចិន រយៈពេលជិត ៧ឆ្នាំបន្ទាប់ពីការចាប់ផ្តើមរបស់វា ដែលជាសញ្ញាដកថយនៃបណ្តាញសង្គមធំបំផុត គ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅប្រទេសចិន ស្របពេលដែលអាជ្ញាធរនៅទីនោះរឹតបន្តឹងការគ្រប់គ្រងលើវិស័យអ៊ីនធឺណិត។
ជាមួយគ្នានេះដែរ LinkedIn បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែតុលាថា ខ្លួននឹងជំនួសវេទិកានេះនៅចុងឆ្នាំ ជាមួយនឹងកំណែថ្មី ដែលនឹងផ្តោតតែលើការងារ ហៅថា “InJobs” ដែលនឹងមិនមាន feed ឬ share ឡើយ។
មិនតែប៉ុណ្ណោះ LinkedIn បាននិយាយថា “ខណៈពេលដែលយើងបានរកឃើញភាពជោគជ័យក្នុងការជួយអ្នកប្រើប្រាស់ចិន ក្នុងការស្វែងរកការងារ និងឱកាសសេដ្ឋកិច្ច យើងមិនបានរកឃើញភាពជោគជ័យកម្រិតដូចគ្នានោះទេនៅក្នុងផ្នែកសង្គមនៃការចែករំលែក និងការទទួលបានព័ត៌មាន។ យើងក៏កំពុងតែប្រឈមមុខនឹងបរិយាកាសប្រតិបត្តិការដែលមានការប្រកួតប្រជែងខ្លាំង និងតម្រូវការ នៃការអនុលោមភាពកាន់តែខ្លាំងនៅក្នុងប្រទេសចិនផងដែរ”។
គួរឲ្យដឹងថា ជំហានរបស់ LinkedIn នៅក្នុងប្រទេសចិន ត្រូវបានគេមើលយ៉ាងដិតដល់ថា ជាគំរូមួយសម្រាប់របៀបដែលកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមលោកខាងលិចអាចដំណើរការនៅក្នុងអ៊ីនធឺណេត ដែលមានបទបញ្ជាយ៉ាងតឹងរ៉ឹងរបស់ប្រទេសចិន ដែលវេទិកាជាច្រើនដូចជា Twitter, Facebook និង YouTube ត្រូវបានហាមឃាត់៕