យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌា Air India ដែលខាតបង់ប្រាក់ជាច្រើន ត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Tata Sons ដែលជាផ្នែកមួយនៃក្រុមហ៊ុន Tata Group (ក្រុមហ៊ុនធំបំផុតរបស់ប្រទេសឥណ្ឌា)។
រដ្ឋាភិបាលឥណ្ឌាបានលក់ក្រុមហ៊ុនអាកាសចរណ៍នេះ ទៅឲ្យក្រុមហ៊ុនដែលជាអ្នកដេញថ្លៃខ្ពស់បំផុត ក្នុងតម្លៃជិត ២,៤ ពាន់លានដុល្លារ។
គួរឲ្យដឹងថា ក្រុមហ៊ុន Tata Group ដើមឡើយជាអ្នកបង្កើតក្រុមហ៊ុនអាកាសចរណ៍ Air India ឡើង នៅឆ្នាំ ១៩៣២ មុនពេលវាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល នៅឆ្នាំ ១៩៥៣។
យ៉ាងណាមិញ រដ្ឋាភិបាលបានព្យាយាមលក់ក្រុមហ៊ុនអាកាសចរណ៍ខាងលើអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានខាតបង់ប្រាក់សរុប ៩,៥ ពាន់លានដុល្លារ៕