វិស័យជលផលរបស់ប្រទេសវៀតណាម កំពុងជួបការលំបាកក្នុងការនាំចេញទៅប្រទេសចិន បន្ទាប់ពីប្រទេសនេះបានរឹតបន្តឹងលក្ខខណ្ឌនាំចូល ដោយសារការភ័យខ្លាចនៃការរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ដោយសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម Vietnam Association of Seafood Exporters and Producers (VASEP) ក្នុងរយៈពេល ៧ ខែដំបូង ការនាំចេញទៅកាន់ចិនដីគោក និងហុងកុង បានធ្លាក់ចុះ ៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង ២៣៨ លានដុល្លារ។
នៅចន្លោះថ្ងៃទី ២០ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកក្កដា ទីក្រុង Zhanjiang ដែលជាមជ្ឈមណ្ឌលធំបំផុតមួយនៅក្នុងប្រទេសចិនសម្រាប់ការផ្ទេរទំនិញបានឈប់ទទួលយកអាហារសមុទ្រក្លាស្សេ ដែលមកពីប្រទេសចំនួន ១១ រួមមានឥណ្ឌា វៀតណាម និងថៃដែលជាប្រទេសនាំចេញធំៗ ចំនួន ៣ ដោយសារការព្រួយបារម្ភអំពីកូវីដ១៩។
នៅត្រីមាសទី ២ ការនាំចេញត្រី (pangasius fish) ទៅប្រទេសចិនដែលជាទីផ្សារធំបំផុតរបស់វៀតណាម បានធ្លាក់ចុះ ១១,៤ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
VASEP បាននិយាយថា ទោះបីជាតម្រូវការរបស់ចិនសម្រាប់អាហារសមុទ្ររបស់វៀតណាមមានច្រើននៅឆមាសទី ១ ក៏ដោយក៏រដ្ឋាភិបាលបានរឹតត្បិតការនាំចូលដែរ។ ដោយសារតែភាពភ័យខ្លាច អ្នកប្រើប្រាស់ចិនចាប់ផ្តើមងាកមកប្រើផលិតផលក្នុងស្រុកវិញ ស្របពេលដែលរដ្ឋាភិបាលចិនគ្រោងរឹតបន្តឹងការនាំចូលបន្ថែមទៀតផង៕