ក្រុមហ៊ុន Intel Corp បានចំណាយប្រាក់ចំនួន ១៤០ ពាន់លានដុង (៦,១ លានដុល្លារ) ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ ដើម្បីបំពេញតាមច្បាប់ការពារជំងឺកូវីដ១៩ ដ៏តឹងរឹងរបស់វៀតណាម សម្រាប់រោងចក្រនៅទីក្រុងហូជីមិញ ដើម្បីធានាថាវាអាចបន្តប្រតិបត្តិការបាន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការចំណាយខាងលើគឺរាប់ទាំងការរ៉ាប់រងលើថ្លៃស្នាក់នៅ និងតេស្តរកមេរោគប្រចាំថ្ងៃសម្រាប់បុគ្គលិករាប់ពាន់នាក់ ទាំងនិយោជិករបស់ Intel ផ្ទាល់ និងអ្នកផ្គត់ផ្គង់។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា អាជ្ញាធរនៅទីក្រុងហូជីមិញ ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ១៩ ដ៏អាក្រក់បំផុតរបស់ប្រទេសនេះ បានបញ្ជាឲ្យអ្នកផ្គត់ផ្គង់ម៉ាកល្បីៗទូទាំងពិភពលោក បំពេញតាមវិធានការប្រឆាំងមេរោគដ៏តឹងរ៉ឹង ឬត្រូវបិទប្រតិបត្តិការជាបណ្តោះអាសន្ន។
ការរឹតបន្តឹងនេះ បាននិងកំពុងធ្វើលើរោងចក្រ ដែលផលិតអ្វីៗគ្រប់យ៉ាងចាប់តាំងពីស្បែកជើងប៉ាតា ដល់ស្មាតហ្វូន ហើយបានគូសបញ្ជាក់ពីបញ្ហាប្រឈម ស្របពេលរដ្ឋាភិបាលកំពុងព្យាយាមការពារសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញ នៅពេលមានការផ្ទុះឡើងនៃជំងឺដ៏កាចសាហាវនេះ។
យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Intel បានឲ្យដឹងថា “ការចំណាយនេះបានប៉ះពាល់ដល់ផែនការថវិការបស់ Intel។ វាពិតជានឹងជះឥទ្ធិពលដល់ផែនការផលិតកម្មរបស់យើង ប្រសិនបើវានៅតែបន្តដូច្នេះទៀត”៕