ប្រធានក្រុមហ៊ុន Huawei Technologies បាននិយាយថា ខណៈពេលដែលទណ្ឌកម្មរបស់អាមេរិកបានរារាំងអាជីវកម្មស្មាតហ្វូនរបស់ខ្លួន វានឹងមិនបោះបង់ចោលឡើយ ហើយផែនការចុងក្រោយរបស់វា គឺនឹងវិលត្រឡប់មករក “បល្ល័ង្ក” របស់ឧស្សាហកម្មនេះវិញឲ្យទាល់តែបាន។
គួររំលឹកឲ្យដឹងថា នៅឆ្នាំ ២០១៩ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ក្រុមហ៊ុន Huawei ថាជាការគំរាមកំហែងដល់សន្តិសុខជាតិ ហើយបានដាក់ក្រុមហ៊ុននេះនៅក្នុងបញ្ជីខ្មៅនាំចេញ និងរារាំងមិនឲ្យចូលប្រើបច្ចេកវិទ្យាសំខាន់នៃប្រភពដើមអាមេរិក ដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនចិនមួយនេះ។
លោក Guo Ping ប្រធានក្រុមហ៊ុន Huawei ត្រូវបានសារព័ត៌មាន Reuters ដកស្រង់សម្តីថា “គ្រប់គ្នាដឹងថាបន្ទះឈីបទូរសព្ទត្រូវការបច្ចេកវិទ្យាជឿនលឿន ដំណើរការនៅក្នុងទំហំតូច ជាមួយនឹងការប្រើប្រាស់ថាមពលតិច”។ លោក Guo បានបន្តទៀតថា “Huawei អាចឌីហ្សាញវាបាន ប៉ុន្តែគ្មាននរណាម្នាក់ជួយយើងផលិតវាឡើយ។ យើងកំពុងជាប់គាំងនៅពេលនេះ”។
ទោះជាយ៉ាងណា លោក Guo បានបន្ថែមថា “បញ្ហានេះអាចដោះស្រាយបាន។ ក្រុមហ៊ុន Huawei នឹងបន្តមាននៅក្នុងវិស័យទូរសព្ទចល័ត ហើយជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់ក្នុងការផលិតបន្ទះឈីប នោះបល្ល័ង្កស្មាតហ្វូននឹងត្រលប់មកវិញ”។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ Canalys បានឲ្យដឹងថា ក្រុមហ៊ុន Huawei ដែលជាអ្នកលក់ស្មាតហ្វូនធំបំផុតរបស់ពិភពលោក បានធ្លាក់ចេញពីចំណាត់ថ្នាក់អ្នកលក់កំពូលទាំង ៥ របស់ចិន ជាលើកដំបូងក្នុងរយៈពេលជាង ៧ ឆ្នាំ៕