ក្រុមហ៊ុន Nintendo Co Ltd របស់ជប៉ុន បាននិយាយថា ការលក់ម៉ាស៊ីនហ្គេម Switch Console របស់ខ្លួនបានធ្លាក់ចុះ ២២ ភាគរយ នៅក្នុងត្រីមាសខែមេសា-មិថុនា ដែលជាសញ្ញាមួយបង្ហាញថា តម្រូវការឧបករណ៍នេះអាចនឹងធ្លាក់ចុះនៅលើទីផ្សារ ក្នុងឆ្នាំទី ៥ របស់ខ្លួន។
ជាមួយគ្នានេះដែរ ក្រុមវិនិយោគិនកំពុងសំឡឹងមើលក្រុមហ៊ុនហ្គេម Nintendo យ៉ាងយកចិត្តទុកដាក់ សម្រាប់សញ្ញានៃការធ្លាក់ចុះចំនួនលក់ អំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។ គួរឲ្យដឹងដែរថា ក្រុមហ៊ុន Nintendo គឺពឹងផ្អែកយ៉ាងខ្លាំងលើអាជីវកម្មលក់ម៉ាស៊ីនហ្គេមរបស់ខ្លួន។
ដោយឡែក ក្រុមហ៊ុន Sony Corp ឯណោះវិញបាននិយាយថា ការលក់ម៉ាស៊ីនហ្គេម PlayStation 5 ថ្មីរបស់ខ្លួនមានភាពរឹងមាំខ្លាំង ដែលជួយឱ្យវាប្រកាសប្រាក់ចំណេញខ្ពស់បំផុតនៅត្រីមាសនេះ។
យ៉ាងណាមិញ ក្រុមហ៊ុន Nintendo បានមើលឃើញការលក់ម៉ាស៊ីនហ្គេម Switch Lite ដល់ចំនួន ១,១៤ លានគ្រឿង។ ក្នុងនោះផងដែរ វាបានលក់ម៉ាស៊ីនហ្គេម Switch Console ដាច់ចំនួន ៤,៤៥ លានគ្រឿង រួមទាំង Switch Lite នៅត្រីមាសចុងក្រោយនេះ៕