យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃក្តាមនាំចូលពីបរទេស បានកើនឡើងពី ៣០-៥០ ភាគរយនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយសារការផ្គត់ផ្គង់មានកំណត់ ដែលបណ្តាលមកពីការរឹតត្បិតការដឹកជញ្ជូន។
ក្តាមប្រភេទ King crabs ត្រូវបានលក់ក្នុងតម្លៃ ១០៩-១២៦ ដុល្លារ ក្នុងមួយគីឡូក្រាម ដែលខ្ពស់ជាងឆ្នាំមុន ៥០ ភាគរយ។ ជាមួយគ្នានេះ ត្រីប៉ៅហឺ abalones របស់អូស្ត្រាលី និងកូរ៉េខាងត្បូង ត្រូវបានលក់ក្នុងតម្លៃខ្ពស់ជាង ៣០ ភាគរយ ក្នុងតម្លៃ ៦៩ ទៅ ៧៨ ដុល្លារក្នុងមួយគីឡូក្រាម។ ដោយឡែកចំពោះតម្លៃត្រីសាម៉ុងវិញ បានកើនឡើង ១៨ ភាគរយ ក្នុងតម្លៃ ២៨ដុល្លារក្នុងមួយគីឡូក្រាម។
យ៉ាងណាមិញ អ្នកនាំចូលគ្រឿងសមុទ្រដែលជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង នៅក្នុងប្រទេសវៀតណាម បានស្តីបន្ទោសការឡើងថ្លៃដោយសារកង្វះការផ្គត់ផ្គង់ ដោយនិយាយថា ការបិទខ្ទប់ប្រទេស បានធ្វើឱ្យការដឹកជញ្ជូនគ្រឿងសមុទ្រមានការលំបាក។
មូលហេតុមួយទៀត ដែលបណ្តាលឲ្យតម្លៃគ្រឿងសមុទ្រនាំចូលឡើងថ្លៃខ្លាំងនោះគឺ ដោយសារតែចំនួនជើងហោះហើរពីបរទេសមកវៀតណាមមានកំណត់៕