ក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំរបស់ឥណ្ឌា Zomato បានប្រកាសផែនការកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកក្កដា ដើម្បីប្រមូលថវិកាចំនួន ៩៣,៧៥ ពាន់លានរូពី (ឬ ១,៣ ពាន់លានដុល្លារ) តាមរយៈការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (initial public offering) របស់ខ្លួន។
គួរឲ្យដឹងថា Zomato និងគូប្រជែង Swiggy គឺជាក្រុមហ៊ុនដឹកជញ្ជូនអាហារនៅតាមបណ្តាទីក្រុងនានានៃប្រទេសឥណ្ឌា ហើយក៏ជាក្រុមហ៊ុនធំជាងគេពីរ នៅក្នុងទីផ្សារដឹកជញ្ជូនអាហារក្នុងប្រទេសឥណ្ឌានេះផងដែរ។
ប៉ុន្តែសហស្ថាបនិកក្រុមហ៊ុន Zomato លោក Gaurav Gupta បាននិយាយថា ទីផ្សារឥណ្ឌានៅតែមិនទាន់ជ្រួតជ្រាបខ្លាំងនៅឡើយ ដោយមានតែការប្រើប្រាស់អាហារពី ៨ ទៅ ៩ ភាគរយប៉ុណ្ណោះពីភោជនីយដ្ឋាន បើប្រៀបធៀបទៅនឹង ៤០ ទៅ ៥០ ភាគរយ លើទីផ្សារដូចជាប្រទេសចិន និងសហរដ្ឋអាមេរិក។
លោក Gupta បានប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងកែប្រែទម្លាប់របស់ឥណ្ឌាក្នុងការចំអិនម្ហូបនៅផ្ទះ ហើយយើងពិតជារំភើបណាស់ចំពោះឱកាសដែលនៅខាងមុខយើង ដើម្បីជំរុញឥរិយាបថថ្មីបែបនេះ”។
សូមបញ្ជាក់ថា Zomato មានវត្តមាននៅក្នុងទីក្រុងចំនួន ៥២៥ របស់ឥណ្ឌា ដែលមានប្រជាជនឥណ្ឌាជាង ៣២ លាននាក់ចូលវេទិការបស់ខ្លួនជារៀងរាល់ខែ។ វាក៏មានប្រើនៅ ២៣ ប្រទេសផ្សេងទៀតផងដែរ៕