យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Nissan បានប្រកាសពីការពង្រីកផលិតកម្មរថយន្តអគ្គិសនីដ៏ធំមួយ នៅឯរោងចក្ររថយន្តរបស់ខ្លួននៅទីក្រុង Sunderland ប្រទេសអង់គ្លេស ដែលនឹងបង្កើតការងារថ្មីចំនួន ១ ៦៥០ កន្លែងថែមទៀតផង។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបាននិយាយថា ខ្លួននឹងផលិតរថយន្តប្រើថាមពលអគ្គិសនីសុទ្ធជំនាន់ថ្មីរបស់ខ្លួននៅទីនោះ។ មិនតែប៉ុណ្ណោះ ដៃគូរបស់ Nissan គឺក្រុមហ៊ុន Envision AESC ក៏នឹងសាងសង់រោងចក្រផលិតអាគុយអគ្គិសនីថ្មីមួយផងដែរ។
គួរឲ្យដឹងថា ក្រុមហ៊ុន Nissan បានធ្វើការវិនិយោគដែលមានទំហំទឹកប្រាក់ ១ ពាន់លានផោន ដោយក្នុងនោះ Nissan បាននិយាយថា ខ្លួននឹងវិនិយោគរហូតដល់ទៅ ៤២៣ លានផោន ដើម្បីផលិតរថយន្តអគ្គីសនីជំនាន់ថ្មីនៅក្នុងចក្រភពអង់គ្លេស ដោយផ្អែកលើជោគជ័យនៃរថយន្តអគ្គិសនីដែលមានស្រាប់ គឺម៉ូដែល Nissan Leaf។
យ៉ាងណាមិញ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ ក៏នឹងបង្កើតទីតាំងផលិតកម្មផ្សេងទៀតដែរ ប៉ុន្តែគ្រាន់តែមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ ព័ត៌មានលម្អិតបន្ថែមទៀតអំពីរថយន្តថ្មីរបស់ Nissan ក៏នឹងត្រូវចេញផ្សាយនៅពេលរថយន្តនោះជិតបង្ហាញខ្លួនផងដែរ៕