ក្រុមហ៊ុន Pegatron Corp ដែលជាអ្នកតម្លើងឧបករណ៍ឲ្យក្រុមហ៊ុន Apple, Microsoft និង Sony គ្រោងនឹងបង្កើនការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម សម្រាប់ការផលិតគ្រឿងអេឡិចត្រូនិច ក្នុងទំហំទឹកប្រាក់សរុបចំនួន ១០១ លានដុល្លារ។
បើតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ការវិនិយោគរបស់ Pegatron នៅក្នុងប្រទេសវៀតណាម គឺសម្រាប់ការផលិតកុំព្យូទ័រ និងគ្រឿងបរិក្ខា, គ្រឿងទំនាក់ទំនង និងគ្រឿងអេឡិចត្រូនិច។ ទោះជាយ៉ាងណា ក្រុមហ៊ុនខាងលើមិនបានបង្ហាញព័ត៌មានលម្អិតអំពីការវិនិយោគនោះទេ។
គួរឲ្យដឹងដែរថា ក្រុមហ៊ុននេះបានវិនិយោគទឹកប្រាក់ ១៩ លានដុល្លារ ដើម្បីសាងសង់រោងចក្រដំបូងរបស់ខ្លួន នៅតំបន់ឧស្សាហកម្ម Dinh Vu Industrial Zone នៅទីក្រុង Hai Phong City កាលពីខែមីនាឆ្នាំមុន ដើម្បីផលិតកុំព្យូទ័រ,ឧបករណ៍ទំនាក់ទំនង និងផលិតផលអេឡិចត្រូនិក។
យ៉ាងណាមិញ ក្រុមហ៊ុន Pegatron Corp គ្រោងនឹងសាងសង់រោងចក្រទី ២ និងទី ៣ របស់ខ្លួន ក្នុងតម្លៃ ៤៨១ លានដុល្លារ និង ៥០០ លានដុល្លារ ហើយក៏ផ្លាស់ប្តូរមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួនពីប្រទេសចិន មកវៀតណាមផងដែរ៕