ក្រុមហ៊ុន CP All Plc ដែលជាប្រតិបត្តិករហាងលក់ទំនិញ 7-Eleven គ្រោងនឹងចំណាយលុយចំនួន ១១,៥ ទៅ ១២ ពាន់លានបាត (៣លានដុល្លារ) នៅឆ្នាំនេះ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។
លោក Kriengchai Boonboapichart ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន CP All Plc បាននិយាយថា ការចំណាយសរុបចំនួន ៤ ទៅ ៤,១ ពាន់លានបាត សម្រាប់ការវិនិយោគលើគម្រោងថ្មីៗ, ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងមជ្ឈមណ្ឌលចែកចាយ, ចំនួន ៣,៨ ទៅ ៤ ពាន់លានបាត ត្រូវបានគ្រោងសម្រាប់ការពង្រីកហាង និង ២,៤ ទៅ ២,៥ ពាន់លានបាត សម្រាប់ការជួសជុលហាង និង នៅសេសសល់ ១,៣ ទៅ ១.៤ ពាន់លានបាត គឺសម្រាប់ទ្រព្យសម្បត្តិថេរ និងប្រព័ន្ធព័ត៌មានវិទ្យា។
សូមបញ្ជាក់ថា ក្រុមហ៊ុនខាងលើ គ្រោងនឹងបើកហាងថ្មី ចំនួន ៧០០ កន្លែងនៅឆ្នាំនេះ ប្រហាក់ប្រហែលនឹងឆ្នាំមុន។ ក្នុងនោះ ហាង 7-Eleven ថ្មី ចំនួន ១៥៥ កន្លែង ត្រូវបានបើករួចមកហើយនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នេះ។
លោក Boonboapichart បានប្រាប់បន្ថែមថា “យើងនឹងបន្តបើកហាងថ្មី ប៉ុន្តែដោយវិធីសាស្រ្តប្រុងប្រយ័ត្នជាងមុន។ វាមានភាពមិនច្បាស់លាស់ជាច្រើន ដូច្នេះយើងនឹងជ្រើសរើសទីតាំងដែលអាចបង្កើតប្រាក់ចំណូល និងមានតម្រូវការពិតប្រាកដពីអតិថិជន”៕