ប្រទេសចិនបានចោទប្រកាន់ម៉ាកសម្លៀកបំពាក់របស់លោកខាងលិចជាច្រើន អំពីការលក់ទំនិញដែលអាចបង្កជាគ្រោះថ្នាក់ដល់កុមារ។
សេចក្តីជូនដំណឹងព្រមាននៅលើគេហទំព័ររដ្ឋបាលគយរបស់ប្រទេសចិន បានចុះបញ្ជីទំនិញចំនួន ៨១ មុខ ដែលនាំចូលដោយក្រុមហ៊ុនរួមមានទាំង Nike, H&M និង Zara ផងដែរ។
សេចក្តីប្រកាសរបស់រដ្ឋបាលគយចិន រួមមានរបស់របរដូចជា សម្លៀកបំពាក់ ស្បែកជើង ច្រាសដុសធ្មេញ និងដបទឹកដោះគោក្មេង ដែលត្រូវបានគេប្រទះឃើញក្នុងអំឡុងពេលធ្វើតេស្ត ចាប់ពីខែមិថុនា ឆ្នាំ ២០២០ ដល់ ខែឧសភា ឆ្នាំ ២០២១។
រ៉ូបកប្បាសក្មេងស្រីរបស់ក្រុមហ៊ុន H&M ត្រូវបានគេនិយាយថា មានផ្ទុកថ្នាំជ្រលក់ ឬសារធាតុដែលបង្កគ្រោះថ្នាក់ ហើយអាចត្រូវបានស្រូបយកដោយរាងកាយ តាមរយៈស្បែក មាត់ និងបង្កជាគ្រោះថ្នាក់ដល់សុខភាព។ បញ្ហាដដែលនេះ ក៏ត្រូវបានលើកឡើងសម្រាប់សម្លៀកបំពាក់របស់កុមារ ដែលនាំចូលដោយក្រុមហ៊ុន Zara និង Nike ដែលជាម៉ាកល្បីផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន H&M, Zara និង Nike មិនទាន់បានឆ្លើយតបទៅនឹងការស្នើសុំការអត្ថាធិប្បាយឡើយ៕