គំនូរ “នាង Marie Therese អង្គុយក្បែរបង្អួច” របស់វិចិត្រករ Pablo Picasso មួយផ្ទាំង ត្រូវបានលក់ដាច់ក្នុងតម្លៃ ១០៣,៤ លានដុល្លារ នៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។
គំនូរនេះត្រូវបានគូរបញ្ចប់នៅឆ្នាំ ១៩៣២ ហើយត្រូវបានលក់ដាច់ បន្ទាប់ពីការដេញថ្លៃចាប់ផ្តើមបាន ១៩ នាទី ក្នុងតម្លៃ ៩០ លានដុល្លារ ដែលបានកើនឡើងដល់ ១០៣,៤ លានដុល្លារ នៅពេលដែលថ្លៃ និងកម្រៃជើងសារត្រូវបានបន្ថែម។
ដំបូងឡើយ គេបានប៉ាន់ស្មានថា គំនូរនោះអាចលក់បានក្នុងតម្លៃ ត្រឹមតែ ៥៥ លានដុល្លារប៉ុណ្ណោះ។
គួរឲ្យដឹងថា ការដាក់លក់នេះ បានបញ្ជាក់ពីភាពរឹងមាំនៃទីផ្សារសិល្បៈ ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងឋានៈពិសេសរបស់វិចិត្រករ Picasso ដែលបានកើតនៅឆ្នាំ ១៨៨១ និងបានទទួលមរណភាពនៅឆ្នាំ ១៩៧៣ ទៀតផង៕