កាលពីថ្ងៃអង្គារកន្លងទៅនេះ គណៈរដ្ឋមន្រ្តីថៃបានអនុម័តទឹកប្រាក់ចំនួន ៤៥ ពាន់លានបាត នៃគម្រោងដែលមានគោលបំណងដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ ខណៈប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍នេះ កំពុងតែតស៊ូជាមួយនឹងការឆ្លងវីរុសកូវីដ១៩។
លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា គម្រោងទាំងនេះនឹងធ្វើឲ្យសេដ្ឋកិច្ច និងសហគមន៍ក្នុងតំបន់មានភាពប្រសើរឡើងវិញ។
គួរឲ្យដឹងដែរថា គម្រោងនេះបានកើតឡើង បន្ទាប់ពីមានកញ្ចប់ជំនួយសេដ្ឋកិច្ចតម្លៃ ២៥៥ ពាន់លានបាត ដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាគណៈរដ្ឋមន្រ្តីថៃក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកា សម្រាប់ឆ្នាំសារពើពន្ធ ២០២២ ចាប់ផ្តើមនៅក្នុងខែតុលា ដែលបានព្យាករណ៍ពីការចំណាយចំនួន ៣,១ ទ្រីលានបាត និងឱនភាពចំនួន ៧០០ ពាន់លានបាត ផងដែរ៕