Boost Juice គឺជាហាងលក់ទឹកផ្លែឈើស្រស់ក្រឡុកដ៏ល្បី និងពេញនិយមបំផុតមួយប្រចាំប្រទេស អូស្ត្រាលី ត្រូវបានបង្កើតឡើងដោយ Janine Allis នៅឆ្នាំ ២០០០។

តាមពិតទៅ ទីផ្សារអាហារ និងភេសជ្ជៈសុខភាពមិនមានភាពសម្បូរបែបនោះទេ។ ដូច្នេះជា ឪកាសល្អមួយដល់ Janine ក្នុងការបង្កើតម៉ាកយីហោមួយ មានទាំងរសជាតិ និងសុខភាព។ Boost Juice គឺជាអាជីវកម្មដំបូងគេរបស់ Janine Allis និងអាជីវកម្មទឹកផ្លែឈើស្រស់ ក៏ជាទីផ្សារថ្មីផងដែរ។ ទីតាំងដំបូងរបស់ Boost គឺនៅក្នុងទីក្រុង Adelaide ប្រទេសអូស្ត្រាលី បន្ទាប់ពីទទួលបានលទ្ធផលល្អហើយ ក៏បន្តបើកជាច្រើនកន្លែងទៀតនៅក្នុងប្រទេស។
ការគាំទ្រ និងការជោគជ័យរបស់ Boost Juice មិនមែនចំណាយពេលខ្លីសម្រេចបាននោះទេ សុទ្ធតែកើតចេញពីការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងរបស់ពួកគេ។ ក្នុងនោះក៏មានយុទ្ធសាស្រ្តធំៗ ៤ ដែលពួកគេប្រើប្រាស់ក្នុងការទាក់ទាញអតិថិជន និងពង្រីកអាជីវកម្មឲ្យរីកចម្រើន។
១) បង្កើតបរិយាកាស និងបទពិសោធន៍ថ្មី
Boost Juice ត្រូវបានស្គាល់ជាហាងដែលផ្តល់នូវ “អារម្មណ៍” និង “ថាមពល” តាមរយៈបទពិសោធន៍ក្នុងហាង។ បុគ្គលិកគ្រប់រូបត្រូវបានបណ្តុះបណ្តាល ឲ្យមានរួសរាយរាក់ទាក់ ស្វាហាប់ និងមានភាពសប្បាយរីករាយ។ ក្រៅពីនេះ បាននាំយកនូវកម្មវិធីជាច្រើន ប្រែក្លាយអតិថិជនធម្មតាឲ្យក្លាយជាសមាជិកប្រចាំហាង ដោយផ្តល់ជូននូវការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេស ដែលធ្វើឲ្យអតិថិជនមានអារម្មណ៍ថាត្រូវបានគេយកចិត្តទុកដាក់។

២) ច្បាស់លាស់ និង ការច្នៃប្រឌិតឥតឈប់ឈរ
ការលក់ជាអាហារ និងភេសជ្ជៈសុខភាពត្រូវការភាពច្បាស់លាស់ ភាពស្រស់របស់វត្ថុធាតុដើមនានា។ ជាក់ស្តែង ពួកគេធ្វើការជាមួយអ្នកជំនាញអាហារូបត្ថម្ភដើម្បីធានាថា ភេសជ្ជៈរបស់ពួកគេគឺគ្មានសារធាតុរក្សាទុក សារធាតុគីមី ឬពណ៌សិប្បនិម្មិត។ នេះបានពង្រឹងការយល់ឃើញរបស់អតិថិជនថា Boost គឺជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាព។ មួយវិញទៀត ហាងតែងតែបន្ថែម និងផ្លាស់ប្តូរមីនុយទៅតាមរដូវកាល ដើម្បីរក្សាភាពទាក់ទាញ និងផ្តល់អ្វីថ្មីៗសម្រាប់អតិថិជន។

៣) ការសម្របខ្លួនទៅតាមទីផ្សារមូលដ្ឋាន
មីនុយ របស់ Boost Juice មិនដូចគ្នាទាំងអស់នោះទេ ពួកគេតែងតែមានមីនុយខុសប្លែកទៅតាមតំបន់នីមួយៗ។ មិនថានៅក្នុងប្រទេស ឬ លក់ជា Franchise ទៅទីផ្សារអន្តរជាតិនោះទេ ពួកគេបានសិក្សាពីរសជាតិ និងចំណូលចិត្តក្នុងតំបន់នីមួយៗដូចជាតម្រូវការភេសជ្ជៈ ឬការប្រើប្រាស់ផ្លែឈើតាមរដូវកាលនៅប្រទេសផ្សេង ហើយកែសម្រួលមីនុយ និងយុទ្ធសាស្ត្រទីផ្សារដើម្បីឲ្យត្រូវនឹងវប្បធម៌ក្នុងស្រុក។

៤) យុទ្ធសាស្រ្តពាណិជ្ជកម្មប្លែកៗ
Janine និង Jeff បានចេញនូវហ្គេម ឈ្មោះថា “name days” យុទ្ធសាស្រ្តនេះ បានធ្វើឲ្យមនុស្សជាច្រើនចូលរួមលេងមិនត្រឹមតែផ្តល់នូវការសប្បាយទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយឲ្យ Boost ត្រូវបានគេស្គាល់ពីរសជាតិភេសជ្ជៈកាន់តែច្រើនទៀតផង។ ប្លែកជាងនេះទៀតគឺ ការផ្តល់ជូនឥតគិតថ្លៃនូវ franchise ដែលមានតម្លៃ ២០០,០០០ ដុល្លារ។ ដោយមានការប្រកួតប្រជែងក្នុងការស្វែងរកអ្នកមានសមត្ថភាព ក្នុងការទទួលសិទ្ធផ្តាច់មុខ Boost យកទៅបើកលក់បន្ត។

គួរបញ្ជាក់ផងដែរថា Janine Allis ជាស្ថាបនិក មិនធ្លាប់មានបទពិសោធន៍អាជីវកម្មពីមុននោះទេ ប៉ុន្តែនាងបានសិក្សាម្តងបន្តិចៗ រៀបចំផែនការច្បាស់លាស់ បូករួមនឹងការខំប្រឹងទើបអាចបង្កើតហាងជាក្តីស្រមៃមួយ ឲ្យចេញជារូបរាងដូចសព្វថ្ងៃនេះ។ មួយវិញទៀត Janine បង្កើត Boost Juice មិនមែនតែលក់នោះទេ ប៉ុន្តែបង្កើតនូវទំនាក់ទំនង បទពិសោធន៍ល្អជាមួយអតិថិជន ទើបអាចឲ្យអាជីវកម្មដំណើរការបានប្រសើរផងដែរ។




