Subway ជាហាងសាំងវិចល្បីប្រចាំសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងដោយក្មេងប្រុស អាយុ ១៧ឆ្នាំ Fred DeLuca នៅឆ្នាំ ១៩៦៥។ Fred បានជំនួយពី Dr. Peter Buck ១០០០ដុល្លារ ក្នុងការបង្កើតហាងនេះឡើង ដើម្បីជួយដល់ការបង់ថ្លៃចូលរៀនជំនាញវេជ្ជសាស្រ្តរបស់លោក។

Pete’s Super Submarines គឺជាឈ្មោះដំបូង មុនពេលប្តូរទៅជា Subway ដោយមានទីតាំងនៅទីក្រុង Bridgeport។ ហាងមួយនេះ មានចំណុចពិសេសត្រង់សាំងវិចធ្វើថ្មីៗ ជាមួយនឹងគ្រឿងផ្សំស្រស់តម្រៀបជាជួរនៅនឹងមុខ សម្រាប់រៀបជូនតាមការបញ្ជាទិញពី អតិថិជន។ ម៉្យាងវិញទៀត ពួកគេតែងតែចេញជាមួយមីនុយថ្មីដូចជា B.M.T. សាំងវិច ជាមីនុយមួយដែលលក់ដាច់បំផុត។

Fred DeLuca និង Dr. Peter Buck មិនមានបទពិសោធន៍អាជីវកម្មពីមុននោះទេ ដូច្នេះជារឿយៗ អ្នកទាំងពីរតែងជួបបញ្ហាលើផ្នែកគ្រប់គ្រង និងផ្នែកសេវាកម្ម។ បញ្ហាទាំងនេះបានធ្វើឲ្យ Subway មានការអភិវឌ្ឍន៍យឺតយ៉ាវ ដោយក្នងពេល ៩ឆ្នាំ ពង្រីកបានតែ ១៦សាខាប៉ុណ្ណោះ ខុសពីគោលដៅរបស់ពួកគេ។ ជម្រើសចុងក្រោយ Fred និង Dr. Peter បានជ្រើសរើសការលក់សិទ្ធអាជីវកម្ម (Franchise)។

នៅឆ្នាំ ១៩៧៤ លោក Brian Dixon ដែលជាមិត្តភក្តិរបស់ Fred បានទិញសិទ្ធិ Subway យកទៅបើកបន្តនៅរដ្ឋ Connecticut។ ការលក់សិទ្ធអាជីវកម្មនេះ បានធ្វើឲ្យ Subway បើកបានដល់ទៅ ១៦៦ កន្លែងពាសពេញសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ១៩៨១។ ចំណែកនៅឆ្នាំ ១៩៩០ វិញ Subway អាចពង្រីកបានដល់ទៅ ៥០០០ កន្លែងបន្ថែមទៀត។

Fred និង Dr. Peter បានបង្ហាញនូវយុទ្ធសាស្រ្តមួយគឺការបង្កើតពាក្យស្លោកថ្មី “Eat Fresh” ដែលផ្តោតទៅលើគ្រឿងសាច់ បន្លែស្រស់ៗ។ មួយទៀតគឺ ការប្រម៉ូសិន ៥ ដុល្លារទៅលើសាំងវិចគ្រប់មុខ ដែលអាចឲ្យពួកគេរកចំណូលបាន ៣.៨ ពាន់លានដុល្លារពីប្រម៉ូសិនមួយនេះ។

Subway ម៉ាកយីហោលំដាប់ពិភពលោកដែលកើតចេញពីប្រាក់ ១០០០ដុល្លារ តែពង្រីក បានជាង ៤០០០០កន្លែង ដំណើរការនៅក្នុង ១០០ប្រទេស។ នេះបញ្ជាក់ឲ្យឃើញថា មិនមានអ្វីដែលធ្វើហើយ ទទួលបានលទ្ធផលលឿនតាមអ្វីដែលយើងរំពឹងទុកនោះទេ។ ទាំងអស់គឺសុទ្ធតែចាប់ផ្តើមពីតូច ទើបអាចបង្កើតអាជីវកម្មដែលធំរីកចម្រើនបាន។ ជាពិសេសសាកធ្វើសិនទោះបីជាថ្មីក៏ដោយ ទើបដឹងថាអាចទៅរួចឬអត់។




