Falguni Nayar គឺជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុនគ្រឿងសម្អាង Nykaa ប្រចាំប្រទេសឥណ្ឌា ដែលបានបង្កើតឡើងនៅឆ្នាំ ២០១២។
មុនពេលចាប់ផ្តើមអាជីវកម្ម Falguni ជាថ្នាក់ដឹកនាំក្នុងក្រុមហ៊ុនហិរញ្ញវត្ថុមួយ ដែលបម្រើការងារអស់រយៈពេល ១៨ឆ្នាំ។ ការសម្រេចចិត្តរបស់ Falguni ត្រូវបានគ្រួសារ និងអ្នកស្គាល់គ្នាមួយចំនួន បានសួរនាំហេតុផលមូលហេតុជាច្រើន។ សម្រាប់ Falguni មិនខ្វល់ខ្វាយច្រើននោះទេ ព្រោះគាត់ច្បាស់ពីគោលបំណង និងអ្វីដែលគាត់ចង់បង្កើតឡើង។

Falguni បានសម្រេចចិត្តបោះទុន ២លានដុល្លារក្នុងការនាំចូល និងបង្កើតជាផលិតផលផ្ទាល់ខ្លួន។ ពេលដំបូង Nykaa មិនមានជាហាងនោះទេ គឺលក់តាមប្រព័ន្ធអនឡាញ ដោយមានគេហទំព័រមួយ ដើម្បីឲ្យអតិថិជនធ្វើការបញ្ជាទិញ។ ជាសហគ្រិនមួយរូប Falguni ប្រកាន់ខ្ជាប់នូវគោលការណ៍ គុណភាពសំខាន់ជាងបរិមាណ ពោលគឺការយកចិត្តទុកដាក់ទៅលើផលិតផលនីមួយៗ សូម្បីតែវេបសាយ Nykaa ក៏រៀបចំឲ្យមានភាពងាយស្រួលដល់អតិថិជនផងដែរ។ រហូតនៅឆ្នាំ ២០១៥ Nykaa ចាប់ផ្តើមមានហាងដំបូងនៅក្នុងទីក្រុង Delhi ដែលជាភាពរីកចម្រើនថ្មីមួយទៀតសម្រាប់ Falguni។

ពាក្យថាអាជីវកម្ម គឺជៀសមិនផុតពីបញ្ហានោះទេ អ្វីដែល Falguni ជួបប្រទះធំបំផុតនោះគឺ ការប្រកួតប្រជែង។ ផលិតផល Nykaa មិនមានច្រើនសម្បូរបែប ពោលគឺនៅមានកម្រិតនៅឡើយ ខុសពីគូប្រជែងរបស់ពួកគេ។ តម្រូវឲ្យ Falguni ផ្តោតលើផលិតផល និងសង្កេតមើលតម្រូវការឡើងវិញ។ ពេលនោះមកកេរ្តិ៏ឈ្មោះរបស់ Nykaa កាន់តែទទួលបានគាំទ្រច្រើន រីឯ Falguni ក្លាយជាសហគ្រិនស្រ្តីមួយរូបដែលមានឥទ្ធពលផងដែរ។

Nykaa បច្ចុប្បន្ននេះមិនត្រឹមតែជាក្រុមហ៊ុនគ្រឿងសម្អាងទេ តែក៏ជា Nykaa Fashion ដែលបានសហការជាមួយនឹង ៤០០០ ប្រេនទៀត រួមទាំងក្លាយជាម៉ាកយីហោល្បីឈ្មោះមួយក្នុងប្រទេសឥណ្ឌា មានហាងជាង ២០០ កន្លែងកំពុងដំណើរការ។

ទាំងនេះគឺពិតណាស់ជាការខិតខំប្រឹងប្រែងមួយរបស់ Falguni ក្នុងការសម្រេចចិត្ត បើកអាជីវកម្ម នៅពេលដែលមនុស្សគ្រប់គ្នាមិនយល់ពីការចាប់ផ្តើមរបស់គាត់ តែការសម្រេចមួយនេះ បានធ្វើគាត់ឲ្យមានលទ្ធផលដ៏ល្អមួយ។ យើងអាចសន្និដ្ឋានបានថា មិនយឺតពេលទេក្នុងការបន្តអាជីព អាជីវកម្មឬក្តីស្រមៃណាមួយរបស់អ្នក។ ការចាប់ផ្តើមអ្វីមួយថ្មីគឺ មិនងាយស្រួលទេ សំខាន់គឺយើងខ្លួនឯងមានការតស៊ូ អត់ធ្មត់ និងឆន្ទៈក្នុងការជំនះបញ្ហាដើម្បីសម្រេចវាឲ្យជោគជ័យឬអត់។




