អនាគតមើលមិនឃើញ ធ្លាប់តែទទួលបានភាពជោគជ័យ និងចាត់ទុកជាអ្នកត្រួតត្រាទីផ្សារក្នុងវិស័យនីមួយៗរបស់ខ្លួន ប៉ុន្តែព្រោះតែភាពបរាជ័យក្នុងការសម្របខ្លួនទៅតាមបច្ចេកវិទ្យាថ្មីៗ បានទាញឲ្យក្រុមហ៊ុនបាត់បង់តំណែង ចំណូល និងសឹងតែបាត់មុខនៅលើទីផ្សារ។
១) Nokia ជាក្រុមហ៊ុនផលិតទូរស័ព្ទ ដែលលក់ដាច់ជាងគេបំផុតលើពិភពលោក។ ចាប់ពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០៧ មិនថាចំណូល និងកេរ្តិ៍ឈ្មោះគឺនៅចំណុចកំពូល។

ក្រុមហ៊ុនត្រូវបានធ្លាក់ប្រជាប្រិយភាព នៅពេលដែលទូរស័ព្ទដៃកាន់តែមានមុខងារទំនើបជាងមុន។ បច្ចេកវិទ្យាកាន់តែទំនើប ជំនួសឲ្យការសម្របខ្លួនតាមសម័យកាល ថ្នាក់ដឹកនាំNokia បែរជាមិនខ្វាយខ្វល់នឹងការផ្លាស់ប្តូរដោយជឿថា អតិថិជននឹងនៅតែចូលចិត្តទូរស័ព្ទដែលមានក្តារចុច និងមុខងារធម្មតា (Feature Phones)។ រួមទាំងបានវាយតម្លៃទាបទៅលើ iPhone របស់ Apple ដែលលេចមុខក្នុងឆ្នាំ ២០០៧ និងប្រព័ន្ធប្រតិបត្តិការ Android។ ជាពិសេស ជំនួសឲ្យការស្វែងរកអ្វីថ្មី ពួកគេប្រើប្រាស់ Symbian OS ដែលមានលក្ខណៈស្មុគស្មាញ។ ចុងក្រោយកេរ្តិ័ឈ្មោះរបស់ Nokia ធ្លាក់ចុះម្តងបន្តិចៗរហូតពិបាកក្នុងការស្រោងស្រង់មកវិញបាន។
២) Kodak ឈ្មោះរបស់ក្រុមហ៊ុនត្រូវបានគេស្គាល់ទូទាំងពិភពលោក និងជាអ្នកត្រួតត្រាទីផ្សារ ហ្វីលថតរូប អស់រយៈពេលស្ទើរតែពេញមួយសតវត្សរ៍ទី ២០។

Kodak មានការធ្លាក់ចុះខ្លាំង នៅអំឡុងពេលឌីជីថលកាម៉េរ៉ាវាយលុកចូលទីផ្សារ។ ថ្នាក់ដឹកនាំក្រុមហ៊ុនព្រួយបារម្ភចំពោះបញ្ហាទាំងនេះ ប៉ុន្តែមិនមានដំណោះស្រាយអ្វីនោះទេ ដោយនៅស្តាយជាមួយនឹងអាជីវកម្មផលិតហ្វីល ដែលជាប្រភពចំណូលដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ។ នៅពេលដែលក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យាឌីជីថលវិញ គូប្រជែងដូចជា Sony និង Canon បានកាន់កាប់ និងត្រួតត្រាទីផ្សាររួចទៅហើយ។ នៅឆ្នាំ ២០១២ Kodak បានស្នើសុំប្រកាសលិខិតក្ស័ុយធន់ជាផ្លូវការ។ បច្ចុប្បន្ននេះ ពួកគេនៅតែមានវត្តមាននៅលើទីផ្សារ ដោយផ្តោតទៅលើការផលិតហ្វីល សម្រាប់ឧស្សាហកម្មភាពយន្តប៉ុណ្ណោះ។
៣) Yahoo! គឺជាគេហទំព័រនាំមុខគេមួយនៅអំឡុងទស្សវត្សរ៍ឆ្នាំ ១៩៩០ ផ្តល់នូវមុខងារជាច្រើនមុខដូចជា Yahoo Mail, Yahoo News និង Search Engine។

បញ្ហាចម្បងរបស់ Yahoo! គឺការព្យាយាមធ្វើអ្វីទាំងអស់ក្នុងពេលតែមួយ ដោយជាក្រុមហ៊ុនព័ត៌មាន, Search Engine, Social Platform ដែលបាត់បង់ភាពច្បាស់លាស់ និងចំណុចខ្លាំងរបស់ខ្លួន។ មួយវិញទៀត ក្រុមហ៊ុនជួបប្រទះបញ្ហាគ្រប់គ្រង ដោយផ្លាស់ប្តូរអគ្គនាយក (CEO) ជាញឹកញាប់ ដែលនាំឱ្យមានយុទ្ធសាស្ត្រមិនទៀងទាត់ និងការសម្រេចចិត្តយឺតយ៉ាវក្នុងការសម្របខ្លួនទៅនឹងយុគសម័យ ទូរស័ព្ទចល័ត (Mobile) និងបណ្តាញសង្គម (Social Media)។ ចុងក្រោយ Yahoo! ត្រូវបានលក់ទៅឲ្យក្រុមហ៊ុនជាច្រើន សព្វថ្ងៃគ្រប់គ្រងដោយ Apollo Global Management។




