ទីក្រុងមួយរបស់ប្រទេសចិន បានប្រគល់លុយឌីជីថល ចំនួន ១០ លានយ័ន ឬ ១,៥ លានដុល្លារអាមេរិក ដើម្បីធ្វើការសាកល្បង និងវិនិច្ឆ័យ លើអ្វីដែលពលរដ្ឋនឹងធ្វើ នៅក្នុងសង្គមមួយដែលមិនចាយសាច់ប្រាក់។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រជាជនចិនចំនួន ៥០ ០០០ នាក់ដែលរស់នៅក្នុងតំបន់ Luhou នៃទីក្រុង Shenzhen ត្រូវបានគេផ្តល់ឲ្យនូវស្រោមសំបុត្រឌីជីថលពណ៌ក្រហម ដែលក្នុងស្រោមសំបុត្រឌីជីថលនីមួយៗ មានតម្លៃប្រហែល ២០០ យ័ន (៣០ ដុល្លារ)។
រូបិយប័ណ្ណឌីជីថលនោះមិនមែនជា Cryptocurrency ដូចជា bitcoin ឡើយ ប៉ុន្តែជាប្រភេទរូបិយប័ណ្ណឌីជីថលនៃរូបិយប័ណ្ណរបស់ប្រទេសចិន ដែលគ្រប់គ្រងដោយធនាគារកណ្តាលចិន People’s Bank of China។
ការសាកល្បងចាយលុយឌីជីថលនេះ តម្រូវឲ្យប្រជាជនទាញយកកម្មវិធីរូបិយប័ណ្ណឌីជីថលរបស់រដ្ឋាភិបាល និងចាយលុយឌីជីថលនោះ នៅចន្លោះពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលា នៅក្នុងហាងចំនួន ៣ ០០០ កន្លែងដែលបានចូលរួមនៅក្នុងស្រុកនេះ។
រហូតមកដល់ពេលនេះ កម្មវិធីរូបិយប័ណ្ណឌីជីថលប្រមាណ ១១៣ ៣០០ ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសចិនដោយមានប្រតិបត្តិការជាង ១,១ ពាន់លានយ័ន (១៦៣ លានដុល្លារ)៕