យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Toshiba បានលាឈប់ពីតំណែង កាលពីថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ចំពេលមានភាពចម្រូងចម្រាសលើការដេញថ្លៃទិញក្រុមហ៊ុន ក្នុងតម្លៃ ២០ ពាន់លានដុល្លារ ពីក្រុមហ៊ុនមូលធនឯកជន CVC Capital Partners។
សេចក្តីថ្លែងការណ៍មួយពីក្រុមហ៊ុនជប៉ុន Toshiba មិនបានផ្តល់ហេតុផលណាមួយ សម្រាប់ការលាលែងពីតំណែងរបស់លោក Nobuaki Kurumatani នោះទេ។ ជាមួយគ្នានេះ ក្រុមហ៊ុនគ្មានផែនការបណ្តេញលោក Kurumatani ដែលបានជួយដឹកនាំឲ្យក្រុមហ៊ុនងើបឡើងវិញនោះទេ។
ទោះយ៉ាងណា លោកបានប្រឈមនឹងការរិះគន់ពីម្ចាស់ភាគហ៊ុនសកម្ម ជុំវិញការដេញថ្លៃទិញពី ក្រុមហ៊ុន CVC Capital Partners ដែលជាអតីតនិយោជករបស់លោក។
គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Toshiba បានកើនឡើងជាង ៦% នៅក្នុងការជួញដូរនៅអាស៊ី កាលពីថ្ងៃពុធ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ អំពីការដេញថ្លៃទិញនោះ៕