អាកាសយានដ្ឋាន Narita Airport នៅជិតទីក្រុងតូក្យូ ប្រទេសជប៉ុន បានចាប់ផ្តើមសាកល្បងប្រើបច្ចេកវិទ្យាស្កេនមុខ កាលពីថ្ងៃអង្គារ សម្រាប់អ្នកដំណើរអន្តរជាតិ ដោយមិនចាំបាច់បង្ហាញលិខិតឆ្លងដែន ឬសំបុត្រហោះហើរបន្ទាប់ពី check-in ឡើយ។
ការសាកល្បង “Face Express” នេះ គឺដើម្បីបង្កើនល្បឿនធ្វើដំណើរឡើងលើយន្តហោះ និងផ្តល់បទពិសោធមិនប៉ះពាល់ដល់អ្នកដំណើរ។ នេះបើតាមការឲ្យដឹងពី Narita International Airport Corp។
គួរឲ្យដឹងថា ប្រព័ន្ធនេះគ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអាកាសយានដ្ឋាន Narita ក៏ដូចជាអាកាសយានដ្ឋាន Haneda ដែលជាច្រកទ្វារអន្តរជាតិផ្សេងទៀតរបស់ទីក្រុងតូក្យូ នៅខែកក្កដា ផងដែរ។
អ្នកធ្វើដំណើរដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធ Face Express នឹងត្រូវថតរូបរបស់ពួកគេ នៅកន្លែង check-in ពេលពួកគេចុះឈ្មោះលិខិតឆ្លងដែន និង boarding pass។
ដំណើរការនៃប្រព័ន្ធនេះ មានន័យថា អ្នកដំណើរនឹងមិនចាំបាច់បន្តយកលិខិតឆ្លងដែន និងសំបុត្រយន្តហោះរបស់ពួកគេមកបង្ហាញ នៅកន្លែងដាក់ឥវ៉ាន់, ច្រកត្រួតពិនិត្យសន្តិសុខ និងច្រកទ្វារឡើងជិះឡើយ៕