ក្រុមហ៊ុន Dongfeng បានបើកអោយកក់នៅប្រទេសចិនសម្រាប់រថយន្ត SUV ប្រភេទ plug-in hybrid Aeolus L8 ដែលមានចម្ងាយអគ្គិសនីសុទ្ធជាផ្លូវការចាប់ពី 112 km និង 185 km និងមានចម្ងាយសរុបពិតដែលបានសាកល្បង 2,245.3 km។ វាក៏មាន 4 កម្រិតជម្រើស តម្លៃចាប់ពី 18,100 ដល់ 20,900 ដុល្លារ Aeolus L8 នឹងត្រូវនាំចេញទៅតំបន់មជ្ឍិមបូព៌ា និងអាមេរិកខាងត្បូងផងដែរ។
ទំហំរថយន្ត Aeolus L8 គឺមានបណ្តោយ 4,762 មម / ទទឹង 1,910 មម / កម្ពស់ 1,677 មម ជាមួយប្រវែងកង់មុខទៅក្រោយ 2,825 មម។ចូលមកដល់ផ្នែកជំនួយការបើកបរ រថយន្តនេះគាំទ្របច្ចេកវិទ្យា ADAS កម្រិត 2 ចំនួន 28 ប្រភេទ ដោយប្រព័ន្ធ Dongfeng Mach Electric Hybrid មានកម្លាំងសរុប 265 kW (355 សេះ) រួមមានម៉ាស៊ីនសាំង 1.5T ម៉ូទ័រអគ្គិសនី និងថ្ម Lithium Iron Phosphate ទំហំ 30.3 kWh តាមស្តង់ដារ CLTC ចម្ងាយអគ្គិសនីសុទ្ធផ្លូវការមាន 125 km និង 185 km។ តាមការសាកល្បងពិតដោយមជ្ឍមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យារថយន្តចិន (CATARC) ចម្ងាយអគ្គិសនីសុទ្ធពិតបានដល់ទៅ 248 km និងចម្ងាយសរុបម៉ាស៊ីនសាំង+អគ្គិសនីបាន 2,245.3 km។
កាន់តែសន្សំសំចៃដោយកំណត់ត្រាការប្រើប្រាស់ប្រេងសរុប គឺ 2.4 លីត្រ/100 km (តេស្តដោយ CATARC)។ ថ្មគាំទ្រ 3C Fast Charging អាចសាកពី 20% ដល់ 80% ក្នុងរយៈពេល 18 នាទី។
ខាងក្នុងកាប៊ីនមានអេក្រង់បង្ហាញព័ត៌មានរបស់រថយន្ត LCD ទំហំ 12.3 អ៊ីញ និងអេក្រង់ត្រួតពិនិត្យកណ្ដាលទំហំ 14.6 អ៊ីញ ដែលមានជំនួយការនិយាយដោយ AI របស់ DeepSeek និង Doubao (ByteDance) វាក៏ភ្ចាប់មកជាមួយកញ្ចក់មើលក្រោយឌីជីថល និងពោងសុវត្ថិភាព 6។ នៅក្នុងរថយន្តមានកន្លែងផ្ទុកឥវ៉ាន់សរុប 28 កន្លែង មានមួយកន្លែងស្ថិតនៅក្រោមបន្ទះកណ្ដាលទំនេរ។ អេក្រង់ទូរទស្សន៍ទំហំ 15.6 អ៊ីញ កម្រិត 2.5K ផ្តល់ការកម្សាន្តសម្រាប់អ្នកដំណើរខាងក្រោយ។
កៅអីមានម៉ូតម៉ាស្សា 24 ប្រភេទ ប្រព័ន្ធខ្យល់ និងកំដៅ 3 កម្រិត ប្រព័ន្ធសម្លេងមាន Speakers ចំនួន 19 គ្រាប់។
ខាងក្នុងមានទូទឹកកកទំហំ 4.5 លីត្រ ដែលអាចកំណត់សីតុណ្ហភាពពី 12°C ដល់ 42°C និងតុខាងក្រោយទំហំ 220/330 មម (ប/ក) ដែលអាចទ្រទំងន់បាន 10 គីឡូក្រាម។
ក្រុមហ៊ុន Dongfeng បានបើកអោយកក់រថយន្ត Aeolus L8 PHEV ដែលមានចម្ងាយសរុបពិត 2,245.3 គីឡូម៉ែត្រ តម្លៃចាប់ពី 18,100 ដុល្លារ
1 Min Read