CEO នៃក្រុមហ៊ុន Xpeng Motors លោក He Xiaopeng បានប្រកាសថា Xpeng P7 ថ្មី នឹងចូលរួមក្នុងការធ្វើតេស្តប្រណាំងម៉ោង 24 ចាប់ផ្តើមនៅថ្ងៃទី 14 សីហា ការធ្វើតេស្តនេះនឹងបន្តបើកបររថយន្តដោយមិនឈប់សម្រាក ដោយអ្នកបើកបរផ្លាស់គ្នា បញ្ចូលទាំងការបើកល្បឿនលឿន និងសាកថ្មល្បឿនលឿនជាបន្តបន្ទាប់។ លោកបានពិពណ៌នាថា នេះជាការប្រកួតប្រណាំងដែលមានកម្រិតពិបាកខ្លាំង និងមានការប្រើប្រាស់កម្លាំងខ្ពស់។
កាលពីថ្ងៃទី 10 សីហា លោកបានប្រាប់ថា មុននេះ គាត់ធ្លាប់ពិភាក្សាជាមួយលោក Lei Jun ដែលជាអ្នកបង្កើតក្រុមហ៊ុន Xiaomi អំពីគំនិតធ្វើតេស្តប្រណាំងរយៈម៉ោង 24 សម្រាប់រថយន្តអគ្គិសនីប្រសិទ្ធភាពខ្ពស់ លោក Lei បានណែនាំឱ្យសាកល្បងប្រសិនបើអាចធ្វើទៅបាន ហើយក្រុមរថយន្តអគ្គិសនីរបស់ Xpeng ក៏បាននាំរថយន្តទៅវាលប្រណាំងល្បឿនខ្ពស់សម្រាប់ការត្រៀមនេះ។
Xpeng P7 ថ្មី បានចេញសាធារណៈនៅចិនថ្ងៃទី 6 សីហា ហើយបើកការកក់ទុកដោយមិនបានបង្ហាញតម្លៃ ហើយវានឹងចេញលក់ផ្លូវការនៅចុងខែនេះ។ រថយន្តស្តង់ដារជាមួយបច្ចេកវិទ្យា 800V, ថ្ម AI សាកលឿន 5C អាចសាកបានចម្ងាយ 525 គីឡូម៉ែត្រ ក្នុងរយៈពេល 10 នាទី, មានចម្ងាយសរុប 820 គីឡូម៉ែត្រ, ប្រើថាមពល 12 kWh ក្នុង 100 គីឡូម៉ែត្រ, មានសន្ទុះពី 0–100 km/h ក្នុង 3 វិនាទី និងល្បឿនអតិបរមា 230 km/h។
ការប្រណាំងប្រភេទនេះធ្លាប់ធ្វើឡើងដោយរថយន្តសាកល្បង Xiaomi YU7 Max នៅខែមិថុនា ដែលរត់អស់ម៉ោង 24 ល្បឿនលឿន រួមទាំងពេលសាកថ្ម។ វាបានរត់ចម្ងាយសរុប 3,944 km ដោយល្បឿនមធ្យមលើស 210 km/h (មិនរាប់ពេលសាកថ្ម)។ រថយន្តត្រូវបានសាកថ្មសរុប 30 ដង ម្ដងៗប្រហែល 10–12 នាទី ហើយការធ្វើតេស្តនេះត្រូវបានបញ្ជាក់ដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យារថយន្តចិន។
លោក Lei Jun បានបញ្ជាក់ថា ការលំបាកសំខាន់ក្នុងការធ្វើតេស្តបែបនេះ រួមមាន៖ ការរក្សាល្បឿនលើស 210 km/h រយៈពេលយូរ, ការរក្សាចម្ងាយបើកបានវែងក្នុងការសាកថ្មម្តង, ការសាកថ្មលឿន និងការគ្រប់គ្រងកំដៅពេលសាក និងប្រើថ្មល្បឿនខ្ពស់ជាបន្តបន្ទាប់ក្នុងរយៈពេល 24 ម៉ោង។