ដើម្បីបន្តការប្រកួតប្រជែងនៅក្នុងសម័យបច្ចេកវិទ្យា AI និងបន្តការប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅទូទាំងពិភពលោក ពេលនេះ ក្រុមហ៊ុន Apple គឺត្រូវបានគេរាយការណ៍ហើយថា បាន និងកំពុងធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រផ្ទៃក្នុងរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងបង្កើតនូវប្រព័ន្ធ AI-powered search tool ថ្មីមួយ ដែលមានសមត្ថភាព និងលក្ខណៈដូច ChatGPT ដែរ ហើយអាចនឹងបញ្ចេញឲប្រើប្រាស់នៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ។
ក្នុងនោះ សម្រាប់ការអភិវឌ្ឈន៍ និងបង្កើត គឺត្រូវបានគេរាយការណ៍ថា នឹងដំណើរការដោយក្រុមបង្កើតថ្មីមួយដែលមានឈ្មោះថា “Answers, Knowledge, and Information” (AKI) ហើយដឹកនាំដោយលោក Robby Walker ដែលធ្លាប់ជាអ្នកដឹកនាំ Siri ។
គួរបញ្ជាក់ថា សម្រាប់គោលដៅរបស់ក្រុមហ៊ុន Apple នៅក្នុងការបង្កើត AI-powered search tool ថ្មីនេះ គឺដើម្បីផ្តល់បទពិសោធន៍ល្អប្រសើរជាងមុនសម្រាប់អ្នកប្រើប្រាស់របស់ខ្លួននៅក្នុងបច្ចេកវិទ្យា AI ហើយ AI នេះទៀតសោកក៏អាចសរសេរចម្លើយនិងឆ្លើយសំណួរដូចនឹង ChatGPT ផងដែរ ខណៈនៅក្នុងពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍ AI នេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូង តែប៉ុណ្ណោះ៕