លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានពណ៌នារថយន្តបើកបរស្វ័យប្រវត្តិថា ជាការប្រកួតដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួន ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ ដោយកាសែត The New York Times។
និយាយដល់រឿងរថយន្តបើកបរស្វ័យប្រវត្តិ ពាក្យចចាមអារ៉ាមជាច្រើនបាននិយាយពីក្រុមហ៊ុន Apple ដែលមានគម្រោងក្នុងការផលិតរថយន្តប្រភេទនេះ ប៉ុន្តែវាតែបិទមាត់ជិតមិនបង្ហាញព័ត៌មានណាមួយ ពាក់ព័ន្ធនឹងករណីនេះឡើយ។
យ៉ាងណាក៏ដោយ លោក Tim Cook បានប្រាប់ឲ្យដឹងថា “រថយន្តបើកបរស្វ័យប្រវត្តិ គឺជារ៉ូបូត ហើយដូច្នេះមានអ្វីៗជាច្រើនដែលអ្នកអាចធ្វើបានជាមួយស្វ័យភាព ហើយយើងនឹងឃើញនូវអ្វីដែល Apple ធ្វើ។ យើងចូលចិត្តបញ្ចូលផ្នែករឹង (hardware), ផ្នែកទន់ (software) និងសេវាកម្ម ហើយស្វែងរកចំនុចប្រសព្វនៃចំនុចទាំងនោះពីព្រោះយើងគិតថា នោះជាកន្លែងដែលវេទមន្តកើតឡើង”។
មិនតែប៉ុណ្ណោះ លោក Cook ក៏បានបង្ហើបដែរថា វាអាចមានជម្រើសសម្រាប់ Apple ក្នុងការបង្កើតវេទិកាបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ដែលត្រូវបានប្រើដោយក្រុមហ៊ុនផលិតរថយន្តដទៃ៕