បន្ទាប់ពីឃើញក្រុមហ៊ុនជាច្រើនបានប្រកាសចេញនូវស្មាតហ្វូនដែលមានកម្រាស់ស្តើងជាបន្តបន្ទាប់ ពេលនេះ ក្រុមហ៊ុន Apple ក៏នឹងប្រកាសចេញនូវស្មាតហ្វូនដែលមាននូវកម្រាស់ស្តើង និងទម្ងន់ស្រាលរបស់ខ្លួនដូចគ្នាផងដែរ ដើម្បីជំនួសម៉ូឌែល iPhone 17 Plus ដែលពួកគេគ្រោងនឹងលុបចោល និងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងៗនៅក្នុងទីផ្សារស្មាតហ្វូនដែលមានរូបរាងស្លីម។
គួរបញ្ជាក់ផងថា បើទោះបីជាស្មាតហ្វូនមួយនេះអាចនឹងមានថ្មតែ 2,800mAh ក៏ដោយ ក៏មានការលេចឮថា Apple អាចនឹងបន្ថែមសមត្ថភាពថាមពលពី 15 ទៅ 20% ទៀត ដើម្បីធ្វើការឆ្លើយតបទៅនឹងតម្រូវទីផ្សារ ក៏ដូចជាបញ្ហារិះគន់នាពេលខាងមុខផងដែរ។
តួយ៉ាង សម្រាប់ផ្នែកអេក្រង់វិញ iPhone 17 Air នេះ នឹងទទួលបាននូវអេក្រង់ Dynamic Island ទំហំ 6.6 អ៊ីញ ដែលមាន Refresh Rate ដល់ 120Hz ឯណ្ណោះ ដំណើរការដោយបន្ទះឈីប A19 និងគាំទ្រការភ្ជាប់ Wi-Fi 7 ។ មិនត្រឹមតែប៉ុណ្ណោះ iPhone 17 Air របស់ Apple ក៏ត្រូវបានគេរំពឹងថានឹងមានតម្លៃលក់ទាបជាង iPhone 17 Pro ផងដែរ ពោលគឺអាចនឹងមានតម្លៃលក់ចាប់ពី ៩៩៩ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារអាមេរិក ដែលទំនងនឹងចេញនៅក្នុងខែកញ្ញា ឬខែតុលា ខាងមុខនេះ៕