ក្រុមហ៊ុន Meta Platforms ដែលជាក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិកលោក Mark Zuckerberg បានប្រកាសគ្រោងនឹងទិញយកនូវភាគហ៊ុនចំនួន ៤៩ ភាគរយ នៅក្នុងក្រុមហ៊ុន Scale AI ក្នុងតម្លៃជិត ១៥ ពាន់លានដុល្លារ ដែលនេះគឺជាកិច្ចព្រមព្រៀងធំបំផុតមួយនៅក្នុងវិស័យបច្ចេកវិទ្យា AI របស់ពួកគេ។
ក្នុងនោះ កិច្ចព្រមព្រៀងនេះ ត្រូវបានចាត់ទុកថាជាការវិនិយោគដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Meta ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ជាពិសេសគឺដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា OpenAI និង Google ។
គួរឲដឹងថា ក្រុមហ៊ុន Scale AI គឺជាក្រុមហ៊ុន AI របស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ មានឯកទេសក្នុងការផ្គត់ផ្គង់ទិន្នន័យបណ្តុះបណ្តាល AI ដែលមានគុណភាពខ្ពស់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដូចជា OpenAI, Google, Microsoft និង Meta ជាដើម។
ជាមួយគ្នានេះ នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ដោយជោគជ័យ លោក Alexandr Wang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Scale AI នឹងចូលរួមជាមួយក្រុមថ្មីមួយរបស់ Meta ដែលមានបេសកកម្មអភិវឌ្ឍបញ្ញាសិប្បនិម្មិតទូទៅ (AGI) ដែលមានសមត្ថភាពខ្ពស់ជាង AI ទូទៅ ដែលនេះគឺជាផ្នែកមួយនៃផែនការធំរបស់ Meta ក្នុងការវិនិយោគដល់ទៅ ៦៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួន៕