ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC បានប្រកាសផែនការវិនិយោគទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីបង្កើនសមត្ថភាពផលិតរបស់ខ្លួន។
Taiwan Semiconductor Manufacturing Co គឺជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតនៅលើពិភពលោក ដោយអតិថិជនរបស់ពួកគេក៏រួមមានទាំង ក្រុមហ៊ុន Apple ផងដែរ។
ក្រុមហ៊ុនបានដាក់ទង់រួចហើយនូវផែនការចំណាយរហូតដល់ ២៨ ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីអភិវឌ្ឍ និងផលិតបន្ទះឈីបខ្នាតតូច (advanced micro chips)។ ការវិនិយោគធំ ៗ កើតឡើងដោយសារកង្វះខាតបន្ទះឈីបទូទាំងពិភពលោក ដែលពេលនេះវាយលុកដល់ឧស្សាហកម្មរថយន្ត។ ក្រុមហ៊ុនជាច្រើនដូចជា Volkswagen, Honda, Toyota និង General Motors សុទ្ធតែត្រូវកាត់បន្ថយការផលិតរថយន្តរបស់ខ្លួន ដោយសារតែកង្វះខាតបន្ទះឈីប។
គួរឲ្យដឹងថា ការខ្វះខាតនេះបានកើតឡើងដោយសារតែក្រុមហ៊ុនរថយន្តបានលុបចោលការបញ្ជាទិញរបស់ពួកគេ នៅពេលដែលតម្រូវការធ្លាក់ចុះដោយសារតែជំងឺកូវីដ១៩ រាតត្បាតកាលពីឆ្នាំមុន។ ដូច្នេះហើយទើបអ្នកផលិតបន្ទះឈីបបានប្តូរទៅលក់ផលិតផលរបស់ពួកគេ ឲ្យទៅឧស្សាហកម្មផ្សេងទៀតដែលមានតម្រូវការខ្ពស់ ហើយក្រុមហ៊ុនផលិតរថយន្តមិនអាចទទួលបានការបញ្ជាទិញដែលបានលុបចោល នៅពេលដែលតម្រូវការកើនឡើងម្តងទៀត៕