រថយន្តអគ្គិសនី FAW-Toyota bZ5 បានចេញពីរោងចក្រផលិតរថយន្ត NEV (រថយន្តថាមពលថ្មី) របស់ក្រុមហ៊ុនសហប្រតិបត្តិការ FAW-Toyota ក្នុងទីក្រុង Tianjin ប្រទេសចិន។ រថយន្ត bZ5 នេះគឺជារថយន្តទី 12 លានគ្រឿងដែលបានផលិតនៅរោងចក្រនេះផងដែរ។ ការបើកជាផ្លូវការនឹងធ្វើឡើងក្នុងខែមិថុនា ខាងមុខ ដោយមានជម្រើសចម្ងាយបើកបរតាមស្តង់ដារ CLTC 550 គ.ម និង 630 គ.ម។
ការដាក់លក់ជាមុនបានចាប់ផ្តើមតាំងពីខែមុន ដោយម៉ូដែលចម្ងាយស្តង់ដារ 550 គ.ម តម្លៃ 18,000 ដុល្លារ ខណៈដែលម៉ូដែលមានប្រព័ន្ធជំនួយបើកបរច្បាស់លាស់ L2 (ដែលមានចម្ងាយដូចគ្នា 550 គ.ម) មានតម្លៃ 22,200 ដុល្លារ។ ចន្លោះខែមករា ដល់មេសា ឆ្នាំនេះ ការផលិតនៅរោងចក្រ NEV របស់ FAW-Toyota សរុបបាន 35,900 គ្រឿង ដែលបង្កើនឡើង 34% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
រថយន្តនេះបានប្រើប្រាស់លើគ្រោងឆ្អឹង e-TNGA (Toyota New Global Architecture) មានទំហំទាំង3 បណ្តោយ 4780/ ទទឹង 1866/ កម្ពស់ 1510 ម.ម និងប្រើសំបកកង់ទំហំ 21 អ៊ីញ។ ប្រើប្រាស់ម៉ូទ័រមួយនៅខាងមុខ វាផលិតកម្លាំងអតិបរមា 200 គីឡូវ៉ាត់ (268 សេះ) ប្រើប្រាស់ម៉ូទ័រអគ្គិសនីរបស់ក្រុមហ៊ុនរង FinDreams របស់ BYD។ ត្រូវគ្នាជាមួយថ្ម lithium iron phosphate (ថ្ម BYD Blade) មានសមត្ថភាព 65.28 kWh និង 73.984 kWh ដែលអាចធ្វើឲ្យរថយន្តបើកបរ 550 គ.ម និង 630 គ.ម តាមស្តង់ដារ CLTC។
សុវត្ថិភាពផ្នែកបច្ចេកវិទ្យា FAW-Toyota bZ5 ត្រូវបំពាក់នូវប្រព័ន្ធជំនួយបើកបរចម្រុះ Momenta 5.0 L2 ដែលមានឧបករណ៍ចាប់សញ្ញាសរុប 33 គ្រាប់ រួមមាន lidar នៅលើដំបូល, radar 5 មីលីម៉ែត្រ 5 គ្រាប់ និងកាមេរ៉ា 7 គ្រាប់។ ក្រុមហ៊ុនបានអះអាងថា ប្រព័ន្ធនេះអាចអនុវត្តបានជាង 30 មុខងារដោយស្វ័យប្រវត្តិ ដូចជា ការជួយចតយានយន្តឆ្លាតវៃ ការចតពីចម្ងាយ និងប្រព័ន្ធ Toyota Safety Sense។ បន្ថែមពីនេះ នៅក្នុងផ្នែកខាងក្នុងរថយន្តមានពោងសុវត្ថិភាពដល់ទៅ 9។
ចំពោះផ្នែកខាងក្នុង គេសង្កេតឃើញផ្ទៃខាងក្នុងមានពណ៌ក្រហម រួមជាមួយអេក្រង់ទំហំ 15.6 អ៊ីញ អេក្រង់បង្ហាញព័ត៌មានទំហំតូចបែបបណ្ដោយ និងផ្ទាំងដំបូលកញ្ចក់បែប panoramic ទំហំ 1.44 ម៉ែត្រការ៉េ ដែលអាចបង្វិលកាំរស្មីអ៊ុលត្រាវីយ៉ូឡែតបានដល់ 99.98% និងកាំរស្មីអ៊ិនហ្វារ៉ារដល់ 99.3%។
ប្រើប្រាស់ប្រព័ន្ធសំលេង JBL មាន 10 គ្រាប់។ បន្ថែមមកទៀត រថយន្តនេះមានមុខងារ AI តាមមុខងារផ្សេងៗក្នុងការប្រើប្រាស់ មានមុខងារ ហៅវីដេអូក្នុងរថយន្ត (Call Video) និងពន្លឺក្នុងរថយន្តដែលអាចប្តូរបាន 256 ពណ៌ផងដែរ។