ប្រសិនបើបងប្អូនគិតថា សណ្ឋាគារនៅលើផែនដីយើងនេះ លែងមានអ្វីដែលថ្មី និងអស្ចារ្យទៀតហើយ និងចង់សាក ឬភ្លក់នូវរស់ជាតិថ្មីវិញ ពេលនៅគឺអាចសាកបានហើយ ដោយក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Above: Space Development របស់អាមេរិកបានប្រកាសថា សណ្ឋាគារអវកាសដំបូងគេនៅលើពិភពលោករបស់ខ្លួនឈ្មោះថា Voyager Station នឹងបើកសម្ពោធជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ពោលប្រសិនបើគ្មានការផ្លាស់ប្តូនផែនការនោះទេ សណ្ឋាគារនេះនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំឆ្នាំ ២០២៧ ខាងមុខនេះតែម្តង ដែលនេះគឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យទេសចរណ៍អន្តរជាតិ និងបដិសណ្ឋារកិច្ចទៅក្នុងអវកាស។
ក្នុងនោះ សណ្ឋាគារនេះ នឹងត្រូវបានសាងសង់ឡើងដោយរចនាជាកង់បង្វិលធំមួយដូចនឹឹងកន្តក់វិលអញ្ចឹង ដើម្បីបង្កើតទំនាញសិប្បនិម្មិតដូចជានៅលើផែនដីយើងដែរ។ វាអាចផ្ទុកភ្ញៀវ ឬអ្នកដំណើរបានរហូតដល់ ៤០០ នាក់ និងសមាជិកនាវិក ១១២ នាក់។
ចំណែកនៅពេលចូលស្នាក់នៅក្នុងសណ្ឋាគារនេះ ភ្ញៀវនឹងទទួលបាននូវបន្ទប់មួយដែលមានទិដ្ឋភាពដូចនៅក្នុងវីឡាប្រណីតអញ្ចឹង និងអាចទទួលទានអាហារនៅភោជនីយដ្ឋានឆ្ងាញ់ៗ រួមជាមួយសេវាកម្មធ្វើស្ប៉ា មើលខ្សែភាពយន្ត និងហាត់ប្រាណ ជាដើម។
ជាមួយគ្នានេះ បើទោះបីជាសណ្ឋាគារនេះមាននូវសេវាកម្មទំនើបៗជាច្រើនក៏ដោយ ក៏តម្លៃសំបុត្រដែលនឹងដាក់លក់ដំបូងក៏នឹងមានតម្លៃខ្ពស់ដែរ។ គួរបញ្ជាក់បងប្អូនថា ការសាងសង់សណ្ឋាគារនេះ នឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះហើយ ហើយបើកដំណើរការនៅក្នុងឆ្នាំ២០២៧។ ចុះបងប្អូនវិញយល់យ៉ាងណាដែលសម្រាប់សណ្ឋាគារលើលំហដំបូងគេនៅពិភពលើលោកនេះ កុំភ្លេចនៅខាងក្រោម៕