ប្រសិនបើបងប្អូនដឹងប្រាកដជាដឹងហើយថា ក្នុងពេលបច្ចុប្បន្ននេះ មិនថាឧបករណ៍អ្វីក៏មិនអាចជំនួសស្មាតហ្វូនបានឡើយ ព្រោះថាវាបានក្លាយជាឧបករណ៍ដ៏សំខាន់មួយក្នុងជីវិតប្រចាំថ្ងៃទៅហើយ ពោលគឺប្រៀបបានទៅនឹងប្រពន្ធកូន ក៏ដូចជាគ្រួសារយើងអញ្ជឹង។ ខណៈក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ស្មាតហ្វូនគឺមានកើនឡើងយ៉ាងខ្លាំង រីឯការផលិត និងការផ្គត់ផ្គង់ក៏មានការកើនឡើងផងដែរ។
ក្នុងនោះ ក្នុងចំណោមបណ្ដាប្រទេសជាច្រើន ប្រទេសចិនគឺជាប្រទេសទី ១ នៅលើពិភពលោក ដែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការផលិតស្មាតហ្វូនបានច្រើនគេ ពោលគឺស្មាតហ្វូនជាង ៧០ភាគរយ ដែលកំពុងតែចរាចរណ៍នៅលើពិភពលោកនាពេលសព្វថ្ងៃនេះគឺត្រូវបានផលិតនៅប្រទេសចិន និងវាយតែម Made in China ។
គួរបញ្ជាក់ថា តាមការពិត មូលហេតុដែលធ្វើឲប្រទេសចិនក្លាយជាប្រទេសដែលមានសមត្ថភាពខ្ពស់ក្នុងការផលិតស្មាតហ្វូនគឺដោយសារតែប្រទេសមួយនេះមានហេដ្ឋារចនាសម្ព័ន្ធផ្នែកឧស្សាហកម្មរឹងមាំ មានកម្លាំងពលកម្មគ្រប់គ្រាន់ មានសមត្ថភាពក្នុងការរួមបញ្ចូលនូវខ្សែសង្វាក់ផ្គត់ផ្គង់ច្រើន មានសុវត្ថិភាពខ្ពស់ និងមានការចំណាយតិច។
ជាក់ស្តែង ក្នុងចំណោមមនុស្សចំនួន ១០ នាក់នៅលើពិភពលោកគឺមានចំនួន ៧នាក់ ទៅហើយ ដែលកំពុងប្រើប្រាស់ស្មាតហ្វូនដែលផលិតនៅប្រទេសចិន តួយ៉ាងដូចជា iPhone របស់ Apple ជាដើម៕