យោងតាមកាសែត Bangkok Post បានឲ្យដឹងថា ប្រទេសថៃទើបតែសម្រេចចិត្តពន្លឿនការធ្វើមូលដ្ឋានីយកម្មនៃការដំឡើងរថយន្តអគ្គិសនី។ ជាក់ស្តែងនៅឆ្នាំ ២០៣៥ យានយន្តអគ្គិសនីទាំងអស់ដែលត្រូវបានលក់នៅក្នុងប្រទេសនេះ នឹងត្រូវដំឡើងនៅក្នុងស្រុក ពោលគឺ ៥ ឆ្នាំលឿនជាងផែនការដែលបានគ្រោងទុក។
ប្រធានគណៈកម្មាធិការ National New Generation Vehicle Committee (NNGVC) លោក Supattanapong Punmeechaow បានមានប្រសាសន៍ថា ប្រទេសថៃចង់ឲ្យយានយន្តអគ្គិសនីចំនួន ៥០ ភាគរយ ដែលបានចែកចាយនៅក្នុងប្រទេស ដំឡើងនៅក្នុងស្រុកនៅត្រឹមឆ្នាំ ២០៣០ មុនឈានចូលផែនការឆ្នាំ ២០៣៥។
ជាក់ស្តែងប្រទេសថៃគ្រោងនឹងផលិតរថយន្តអគ្គិសនីចំនួន ១,៥១ លានគ្រឿងនៅឆ្នាំ ២០២៥ រួមមានរថយន្តគ្រួសារ និងភីកអាប់ ៤០០ ០០០ គ្រឿង, ម៉ូតូ ៦២០ ០០០ គ្រឿង និងរថយន្តក្រុង និងរថយន្តដឹកទំនិញ ៣១ ០០០ គ្រឿង។
បន្ទាប់មកនៅឆ្នាំ ២០៣០ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៦,២២ លានគ្រឿង ក្នុងនោះមានរថយន្ដគ្រួសារ និងភីកអាប់ ចំនួន ២,៩៣ លានគ្រឿង, ម៉ូតូ ៣,១២ លានគ្រឿង, រថយន្ដក្រុង និងរថយន្តដឹកទំនិញ ចំនួន ១៥៦ ០០០ គ្រឿង។
នៅឆ្នាំ ២០៣៥ ប្រទេសថៃមានគោលបំណងផលិតរថយន្តអគ្គិសនីសរុបចំនួន ១៨,៤១ លានគ្រឿង ក្នុងនោះមានរថយន្តគ្រួសារ និងភីកអាប់ ចំនួន ៨,៦២ លានគ្រឿង, ម៉ូតូ ៩,៣៣ លានគ្រឿង, រថយន្តក្រុង និងរថយន្តដឹកទំនិញ ៤៥៨ ០០០ គ្រឿង៕