រដ្ឋាភិបាលថៃបានរំពឹងថានឹងមានភ្ញៀវទេសចរបរទេសប្រមាណ ២ លាននាក់ ដែលភាគច្រើនជាជនជាតិចិន និងអឺរ៉ុប មកទស្សនាកោះភូកេតនៅឆ្នាំនេះ បន្ទាប់ពីកោះរមណីយដ្ឋានដែលមានប្រជាប្រិយបំផុតរបស់ប្រទេសថៃ បានបើកឲ្យចូលកម្សាន្តឡើងវិញ សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួច ចាប់ពីថ្ងៃទី ១ ខែកក្កដា។
យោងតាមលោក Vichit Prakobgosol អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ បានឲ្យដឹងថា អ្នកមកកម្សាន្តអាចបង្កើតប្រាក់ចំណូលប្រហែល ១០៥ ពាន់លានបាត (៣,៤ ពាន់លានដុល្លារ) នៅក្នុងឆមាសទី ២ នៃឆ្នាំ២០២១ នេះ។ វានឹងក្លាយជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ ដែលកោះនេះអនុញ្ញាតឲ្យភ្ញៀវទេសចរចូលកម្សាន្ត ដោយគ្មានការធ្វើចត្តាឡីស័ករយៈពេល ២ សប្តាហ៍។
គួរឲ្យដឹងថា វិស័យទេសចរណ៍ បានចូលរួមចំណែកប្រហែលមួយភាគប្រាំនៃសេដ្ឋកិច្ចថៃ មុនពេលមានជំងឺរាតត្បាត។ ការបើកឡើងវិញនូវកោះភូកេតដល់ភ្ញៀវទេសចរបរទេស ដែលធ្លាប់បានចូលរួមចំណែកស្ទើរតែ ៩០ ភាគរយនៃចំណូលពីទេសចរណ៍របស់កោះនេះ អាចបើកផ្លូវសម្រាប់ទិសដៅពេញនិយមផ្សេងទៀត ដើម្បីបញ្ចប់ការរឹតត្បិតដូចគ្នា។
លោក Vichit បានមានប្រសាសន៍ថា ចិន រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់ បារាំង ស៊ុយអែត និងសហរដ្ឋអាមេរិកទំនងជាប្រភពដើមដ៏សំខាន់សម្រាប់ភ្ញៀវទេសចរទៅកាន់ភូកេត។ លោកបាននិយាយថា ជនជាតិចិន ដែលជាក្រុមភ្ញៀវទេសចរធំបំផុតទៅកាន់ប្រទេសថៃ មុនពេលមានជំងឺរាតត្បាតនេះ ត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកវិញនៅខែកក្កដា តាមជើងហោះហើរជាលក្ខណៈទេសចរណ៍ ខណៈភ្ញៀវមកពីអឺរ៉ុបទំនងជានឹងចាប់ផ្តើមមកដល់អំឡុងរដូវរងា៕