កាលពីថ្ងៃទី 15 ក្រុមហ៊ុន Xiaomi បានប្រកាសថា ពួកគេនឹងប្រកាសចេញនូវបន្ទះឈីបថ្មីមួយឈ្មោះថា XringO1 នៅចុងខែឧសភានេះ ដែលនេះគឺជាជំហានថ្មីមួយសម្រាប់ក្រុមហ៊ុន Xiaomi ក្នុងការផលិតបច្ចេកវិទ្យាបន្ទះឈីបដែលជាកម្មសិទ្ធិរបស់ខ្លួនឯងផ្ទាល់ ដើម្បីបង្កើនសមត្ថភាពនៃឧបករណ៍កម្រិតខ្ពស់របស់ខ្លួនដូចជា ស្មាតហ្វូន និងថេប្លេតជាដើម។
ក្នុងនោះ ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi លោក Lei Jun នៅលើគណនី Weibo របស់គាត់។
បន្ទះឈីប XringO1 នេះ ត្រូវបានរចនាឡើងដោយក្រុមអ្នករចនារបស់ក្រុមហ៊ុន Xiaomi ដោយប្រើស្ថាបត្យកម្ម ARM ហើយផលិតដោយក្រុមហ៊ុន TSMC ដោយប្រើបច្ចេកវិទ្យា 3-nanometer ដែលទំនើបបំផុត។
គួរឲដឹងថា បើទោះបីជាពេលកន្លងមក Xiaomi បានជួបនឹងបញ្ហានៃការចំណាយខ្ពស់ក្នុងការអភិវឌ្ឍន៍បន្ទះឈីបដល់ថ្នាក់បានផ្លាស់ប្តូរទៅផលិតឈីបសាមញ្ញៗក៏ដោយ ក៏ក្រុមហ៊ុនមួយនេះបានចាប់ផ្ដើមសារថ្មីឡើងវិញផងដែរ។ បច្ចុប្បន្ននេះ Xiaomi គ្រោងនឹងប្រើបន្ទះឈីប XringO1 របស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា Apple និង Huawei នៅក្នុងទីផ្សារស្មាតហ្វូន ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យនេះ៕